អាជីវករ​ទូក​ទេសចរណ៍បារម្ភ...

ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ


ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ ខណៈ​ពួកគាត់​ទទួល​ព័ត៌មាន​ចចាម​អារ៉ាម​ថា សាលា​រាជ​ធានី​ភ្នំពេញ​អាច​នឹង​បណ្ដេញ​ពួកគាត់​ឲ្យ​ទៅ​ធ្វើ​អាជីវកម្ម​នៅ​មាត់​ទន្លេ​ក្នុង​ខណ្ឌ​ឫស្សីកែវ​វិញ ដោយ​យក​តំបន់​មាត់​ទន្លេ​ចាប់​ពី​ផែ​ភ្នំពេញ​រហូត​ដល់​ផ្សារ​រាត្រី លក់​ឲ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។ យ៉ាងណា​ក៏​ដោយ អ្នក​នាំពាក្យ​សាលាក្រុង​បាន​បដិសេធ​ថា ពុំ​មាន​គម្រោង​បណ្ដេញ​ពលរដ្ឋ​ចេញ​ឡើយ។
ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ ប៉ុន្តែ មន្ត្រី​សាលារាជធានី​ភ្នំពេញ​ថា មិនមាន​គម្រោង​បែប​នេះ​ទេ។
ដោយ

អង្គុយ​ដាំ​បាយ​នៅ​ក្បែរ​ច្រាំង​ទន្លេ​សាប​ជិត​កំពង់​ផែ​ភ្នំពេញ ដែល​សម្បូរ​ដោយ​ទូក​ទេសចរណ៍​ចត​ច្រោង​ច្រាង អ្នកស្រី យឿន ស្រី អ្នក​រត់​ទូក​ទេសចរណ៍​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា បើ​សិន​គេ​មិន​ដេញ​ចេញ​ពី​ទីនេះ ទូក​ចំនួន​២​របស់​អ្នកស្រី​អាច​រក​ចំណូល​បាន ៧០ ទៅ ៨០​ដុល្លារ​នៅ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ បើ​សិន​ជា​ដេញ​អ្នក​រត់ទូក​ទេសចរណ៍​ទៅ​ខណ្ឌ​ឫស្សីកែវ​វិញ អ្នកស្រី​នឹង​ជួប​ការ​លំបាក ព្រោះ​អ្នកស្រី​បាន​ខ្ចី​លុយ​ធនាគារ​ជាង ១​ម៉ឺន​ដុល្លារ​មក​ធ្វើ​ទូក​នេះ ដោយ​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​ក្នុង​មួយ​ខែ​​ជាង ៣០០​ដុល្លារ។

ស្រ្ដី​ដែល​មាន​កូន​ក្នុង​បន្ទុក​៦​នាក់​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​អត់​មាន​ភ្ញៀវ ព្រោះ ភ្ញៀវ​ចង់​មើល​ថ្ងៃ​លិច បើ​នៅ​ទីនេះ យើង​បើក​តែ ១​ម៉ោង​ដល់​ហើយ តែ​បើ​ឲ្យ​ទៅ​ឫស្សីកែវ យើង​ត្រូវ​បើក ២ ទៅ ៣​ម៉ោង​ទើប​ដល់។ មួយ​ទៀត ទី​នោះ​ឆ្ងាយ​ពី​ក្រុង​ពេក អ្នកទេសចរ​ក៏​មិន​ចង់​ទៅ​ជិះ​ទូក​ដល់​ទីនោះ​ដែរ។ ខ្ញុំ​បារម្ភ​ថា ពេល​អត់​ភ្ញៀវ តើ​ខ្ញុំ​បាន​លុយ​មក​ពី​ណា​ឲ្យ​កូន​រៀន ហូប​ចុក និង​បង់​ឲ្យ​រដ្ឋ(ធនាគារ)»។

ដូច​គ្នា​ដែរ​លោក ការីម រ៉ូសាត ម្ចាស់​ទូក​ទេសចរណ៍​នៅ​ក្បែរ​គ្នា​នោះ ក៏​បាន​បង្ហាញ​ការ​បារម្ភ​ថា លោក​នឹង​បាត់​បង់​ភ្ញៀវ​ជា​មិនខាន បើ​សិន​អាជ្ញាធរ​បណ្ដេញ​ឲ្យ​ទៅ​រកស៊ី​នៅ​ទន្លេ​ក្នុង​ខណ្ឌ​ឫស្សីកែវ។

មាន​កូន​២​នាក់​ក្នុង​បន្ទុក លោក ការីម រូសាត ដែល​ជា​​ខ្មែរ​ឥស្លាម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​និង​បង​ប្អូន មាន​ទូក​ចំនួន​៣ ដោយ​មួយ​ថ្ងៃ​រក​ចំណូល​បាន ៥០ ទៅ ៧០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ បើ​គេ​ដេញ​មែន នឹង​មិន​មាន​ភ្ញៀវ​ទៀត​ទេ ព្រោះ​នៅ​ទីនោះ​ឆ្ងាយ ស្ទះ​ផ្លូវ​ទៀត គ្រាន់តែ​ខ្ញុំ​ប្រាប់​អ្នក​នាំភ្ញៀវ​ចិន គេថា បើ​ទៅ​ទីនោះ រៀបចំ​ឲ្យ​ភ្ញៀវ​អត់​ត្រូវ​ទេ ព្រោះ​ឆ្ងាយ​ពេក​ហើយ។ ភាគ​ច្រើន​ភ្ញៀវចិន គេ​ចង់​ទៅ​មើល​ទន្លេ​មេគង្គ បើ​នៅ​ឫស្សីកែវ គឺ​ឆ្ងាយ។ ដូច្នេះ មិន​អាច​យក​តម្លៃ​ដដែល​ទេ បើ​យក​តម្លៃ​ដដែល អត់​ចំណេញទេ។ តែ​បើ​យក​ថ្លៃ​ពេក ក៏​អត់​មាន​អ្នក​ជិះ​ដែរ»។   

ឆ្លើយតប​នឹង​កង្វល់​របស់​ពលរដ្ឋ លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​បដិសេធ​ថា សាលា​រាជ​ធានី​ភ្នំពេញ មិន​មាន​គម្រោង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​នោះ​ទេ ហើយ​បាន​ស្នើ​ពលរដ្ឋ​កុំ​មាន​ការ​បារម្ភ និង​កុំ​ជឿ​លើ​​ពាក្យ​ចចាម​អារ៉ាម។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា គេ​ចង់​យកកន្លែង​​ហ្នឹង​ធ្វើ​ផែ តែ​ប៉ុណ្ណឹង​ទេ។ ហើយ​លម្អិត​ទៀត មិន​ទាន់​មាន​ព័ត៌មាន​អី​ច្រើន​លើ​ករណី​ហ្នឹង​ទេ។ ហើយ​រឿង​បង​ប្អូន​ថា មាន​ការ​បណ្ដេញ​អី​ណា គឺ​មិន​ទទួល​ពាក្យ​ហ្នឹង​កើត​ទេ។ បើ​ឮ​គេ​ថា កុំ​ទាន់ បើ​មាន​ការងារ​អី​ពាក់ព័ន្ធ អាជ្ញាធរ​យើង​ត្រូវ​ជូន​ដំណឹង​ផ្លូវ​ការ ឬ​មាន​ការ​ចុះ​ទៅ​ជម្រាប​ហើយ។ ខ្ញុំ​បដិសេធ​ថា មិន​មាន​ការ​បណ្ដេញ​ចេញ​នោះ​ទេ»៕ 

None



អត្ថបទបន្ទាប់


លេច​ចេញ​សេវា​ឲ្យ​ខ្ចី​លុយ​តាម​អនឡាញ... ធនាគារជាតិព្រមាន! អ្នក​ជំនាញថា គួរតែបិទ​ចោល!

ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​តាម Online។ ប៉ុន្ដែ អ្នក​ជ…

សម្ដេច ហ៊ុន សែន ស្ដី​បន្ទោស​អ្នក​រិះគន់​លើ​វិនិយោគិន​ចិន​នៅ​កម្ពុជា ថា​ជា​«មតិ​អគតិ»

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្ដី​បន្ទោស​ខ្លាំងៗ​ដល់​អ្នក​រិះគន់​លើ​ជន​ជាតិ​ចិន និង​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ថា​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ