ក្នុងនោះ ខេត្តបាត់ដំបងមានចំនួនភ្ញៀវទេសចរណ៍ដើរកម្សាន្ដច្រើនជាងគេបំផុត។ អ្នកជំនាញ ក្នុងវិស័យទេសចរណ៍ និង សេដ្ឋកិច្ច បានយល់ឃើញថា សន្ទុះនៃចរន្តដើរកម្សាន្តរបស់ទេសចរអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបង្ហាញនូវសញ្ញាណវិជ្ជមាននៃវិស័យសេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះដល់អាជីវកម្មទេសចរនៅទូទាំងប្រទេស ដែលកន្លងមកបានរងទុក្ខខ្លាំងដោយសារតែកូវីដ១៩។
បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែធូរស្បើយ ប្រមុខរាជរដ្ឋាភិបាលកកម្ពុជា បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឡើងវិញ ក្រោយកម្ពុជា អាក់ខានប្រារព្ធពិធីនេះ អស់រយៈពេល ២ឆ្នាំ កន្លងមក។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និង នៅតាមមូលដ្ឋាន។ ជាមួយគ្នានោះ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និង សេវាស្នាក់នៅផ្សេងៗ នៅស្ទើរគ្រប់ខេត្តក្រុង ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរតែ១០០%។
យ៉ាងណាមិញ អ្នកជំនាញ ក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច បានគូសបញ្ជាក់ដែរថា សកម្មភាពនៃចរន្តដើរកម្សាន្តរបស់ទេសចរអំឡុងពិធីបុណ្យចូលឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបង្ហាញនូវសញ្ញាណវិជ្ជមានចំពោះការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចកម្ពុជា។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា សន្ទុះនៃការដើរហើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរបរទេស នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមអ្នកវិភាគសេដ្ឋកិច្ចរូបនេះ វិស័យទេសចរណ៍ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះ ការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ ក៏នឹងជំរុញឲ្យវិស័យដទៃអាចងើបឡើងវិញដែរ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសកម្មភាពវិនិយោគផ្សេងៗ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បណ្ឌិត ហុង វណ្ណៈ ក៏យល់ឃើញទៀតថា ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច ក៏ទាមទារយ៉ាងសំខាន់នូវការចូលរួមពីទេសចរអន្តរជាតិផងដែរ ដែលអាចនាំយករូបិយបណ្ណបរទេស ដើម្បីចាក់ចូលសេដ្ឋកិច្ចនៅកម្ពុជា ខណៈចរន្តនៃទេសចរបរទេសចូលមកកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។
ជាមួយគ្នានោះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានកត់សម្គាល់ឃើញថា ក្រោយពីវិស័យទេសចរណ៍ បានរងគ្រោះខ្លាំងអស់រយៈពេល២ឆ្នាំមកហើយនោះ វិស័យនេះ នៅតែមានភាពក្មេងខ្ចីនៅឡើយ ដើម្បីស្ទុះងើបឡើងវិលមករកកម្រិតមុនកូវីដ១៩។ លោកបន្ថែមថា ទោះបីក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានមនុស្សម្នារច្រើន បានដើរកម្សាន្តក៏ដោយ ដោយលោកបានពន្យល់បន្តថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺត្រូវពឹងផ្អែកយ៉ាងខ្លាំងពីលំហូរភ្ញៀវទេសចរបរទេស។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបរហូតដល់ជាង ៥លាន១៧ម៉ឺននាក់ បានដើរកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានា ទូទាំងប្រទេស។ ក្នុងនោះ ខេត្តបាត់ដំបង ជាខេត្តដែលមានទេសចរទៅកម្សាន្ដច្រើនជាងគេ រហូតដល់ជាង ៦៥ម៉ឺននាក់។ បន្ទាប់មកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ទី២ ដែលមានទេសចរទៅកម្សាន្តជាង ៥៤ម៉ឺននាក់ និងទី៣ ខេត្តបន្ទាយមានជ័យ មានទេសចរទៅកម្សាន្តជាង ៤៧ម៉ឺននាក់ និង ខេត្តផ្សេងៗទៀត៕