លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានអះអាងថា នៅមួយរយៈចុងក្រោយនេះ មានភ្ញៀវទេសចរផ្ទៃក្នុងទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសានមួយនេះ គិតជាមធ្យមមានប្រមាណពី២ទៅ៣ពាន់នាក់ ក្នុង១សប្ដាហ៍។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាបន្តបន្ទាប់ ដោយសារតែខេត្តប៉ែកភូមិភាគឦសានមួយនេះសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធល្អជាងមុន និងគួបផ្សំកត្តាសុខសន្តិភាព ដែលបានបង្កភាពងាយស្រួលដល់អ្នកទេសចរមកលេងកម្សាន្តនៅក្នុងខេត្តនេះ។
កំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តរតនគិរី នៅមួយរយៈចុងក្រោយនេះ គឺដោយសារខេត្តនេះស្ថិតចំណោមខេត្តទាំង៤ នៃគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកខ្លួនចេញកាលពីពេលថ្មី។ នៅមួយរយៈចុងក្រោយមានការជជែកវែកញែកយ៉ាងផុសផុលជុំវិញគម្រោង CLV ដែលធ្វើឱ្យខេត្តរតនគិរី និងខេត្ត៣ផ្សេងទៀតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តជាបន្តបន្ទាប់ គួបផ្សំរាជរដ្ឋាភិបាលរៀបចំឱ្យមានដំណើរកម្សាន្តជូនពលរដ្ឋដោយឥតគិតថ្លៃទៅកាន់ភូមិភាគឦសាននេះ។
បើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗ បើទោះបីកម្ពុជា បានដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តែរាជរដ្ឋាភិបាលកម្ពុជា រកគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាននៅដដែល ហើយការរៀបចំដំណើរកម្សាន្តរបស់ពលរដ្ឋទៅកាន់តំបន់នេះ ក៏រក្សាទុករហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងចំនួន៥៦គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃទៅកាន់បណ្តាខេត្តនៅភូមិភាគឦសានទាំង៤ រួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
បើតាមការគូសបញ្ជាក់របស់លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរប្រមាណ៣០ម៉ឺននាក់ ហើយតាមរយៈភ្ញៀវទេសចរទាំងនេះវាបានរួមចំណែកជួយលើកកម្ពស់ដំណើរការអាជីវកម្មក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានបានមួយផែ្នកផងដែរ៕
អត្ថបទ៖ បូ ដូឡា