ប្រទេសចិន

ចិនកំពុងរបូតតំណែងកំពូលតារាងជាប្រទេសនាំចេញធំបំផុតទៅកាន់អាមេរិក ខណៈជម្លោះពាណិជ្ជកម្មកំពុងរីកកាន់តែធំ


ប្រទេសចិនទំនងជាបានបាត់បង់តំណែងជាអ្នកនាំចេញទំនិញដ៏កំពូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាលើកដំបូងមិនធ្លាប់មាននៅក្នុងរយៈពេល១៥ឆ្នាំកន្លងមក ដែលជំនួសដោយប្រទេសម៉ិកស៊ិក និងកាណាដា ចំពេលមានជំម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២នៅក្នុងពិភពលោកនេះ កំពុងរីកកាន់តែធំឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រទេសចិនអាចនឹងលែងជាប្រទេសនាំចេញដ៏កំពូលទៅកាន់អាមេរិកទៀតហើយ
ដោយ

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញថា អាមេរិកបាននាំចូលទំនិញពីប្រទេសចិន​នៅចន្លោះខែមករាដល់ខែឧសភាឆ្នាំនេះ បានធ្លាក់ចុះប្រហែល២៥% ពោលគឺមានមក​នៅ​ត្រឹមតម្លៃ ១៦៩ពាន់លានដុល្លារ។ ទិន្នន័យដដែលបន្ថែមថា ការនាំចូលរបស់អាមេរិក​ពី​ប្រទេសចិន គឺមានជាង ១៣% នៃការនាំចូលសរុបក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ដែលជា​កម្រិតទាប​មួយក្នុងរយៈពេល១៩ឆ្នាំមកនេះ ដោយចំនួននេះ គឺបានធ្លាក់ចុះ ៣,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលនេះបានធ្លាក់ចុះនៅគ្រប់ប្រភេទផលិតផល​មួយចំនួន ជាពិសេសគ្រឿងបន្ទះឈីបតែម្ដង ដែលវាបានធ្លាក់ចុះពាក់កណ្តាល។

ប៉ុន្តែ នៅក្នុងរយៈពេលដូចគ្នានេះ ការនាំចូលមកពីប្រទេសម៉ិកស៊ិកវិញ បានកើនឡើងដល់​ទំហំទឹកប្រាក់ជិត ២០០ ពាន់លានដុល្លារដែលជាកម្រិតខ្ពស់បំផុតមួយ ខណៈប្រទេស​កាណាដា​បានរត់តាមពីក្រោយម៉ិកស៊ិកដែលមានទំហំទឹកប្រាក់ ១៧៦ពាន់លានដុល្លារ។ ប្រទេសទាំង២នេះ ត្រូវបានគេរំពឹងថា នឹងនៅតែនាំមុខប្រទេសចិនសម្រាប់ទិន្នន័យ​នាំចូលទំនិញ​ទៅអាមេរិក នៅក្នុងឆមាសទី១ក្នុងឆ្នាំ២០២៣។

បណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងបញ្ជូនទំនិញកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិកផងដែរ នៅពេលវត្តមានរបស់ចិនបានធ្លាក់ចុះ។ ការនាំចូលរបស់អាមេរិកមកពីបណ្ដាប្រទេស​តំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១២៤ពាន់លានដុល្លារក្នុងរយៈពេល៥ខែដំបូង​នៃឆ្នាំនេះ ជាតួលេខខ្ពស់បំផុតទី២ សម្រាប់ប្រទេសក្នុងតំបន់នេះ ខណៈដែលចំណែក​នៃការនាំចូល​របស់អាមេរិក មកពីតំបន់នេះបានកើនឡើងទ្វេដង ក្នុងពេល១ទសវត្សរ៍​កន្លងមកនេះ។

ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនវិញ នៅក្នុងខែមករា ដល់ខែឧសភា បានថយចុះដូចគ្នា ពោលគឺមានក្នុងទឹកប្រាក់ចំនួន ៦២ពាន់លានដុល្លារ។ ទោះបីជាតួលេខនេះ គ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារនាំចេញ​ធំជាងគេទី៣​របស់អាមេរិកក៏ពិតមែន ប៉ុន្តែចំណែកនៃការនាំចេញរបស់អាមេរិកទៅចិនក្នុងអត្រា ៧,៥% នេះ គឺស្មើនឹងពាក់កណ្តាលនៃការនាំចេញរបស់អាមរិកទៅកាន់ម៉ិកស៊ិក ឬក៏កាណាដា​តែប៉ុណ្ណោះ។

ប្រទេសចិនបានក្លាយជាអ្នកនាំចេញទំនិញដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក តាំងពីឆ្នាំ​២០០៩មកម្ល៉េះ ដោយបាននាំមុខប្រទេសកាណាដា។ ប៉ុន្ដែ ដោយសារតែមាន ការប្រែប្រួល​នៃបរិយាកាសពាណិជ្ជកម្ម ដោយសារតែជម្លោះរវាងប្រទេសទាំងពីរ នៅប៉ុន្មានឆ្នាំ​មកនេះ វាបានបង្កបញ្ហាជាច្រើន ដល់ការដោះដូរពាណិជ្ជកម្មរវាង​ប្រទេសយក្ស​សេដ្ឋកិច្ចទាំងពីរនេះ។

យ៉ាងណាមិញ ខណៈការនាំចេញទៅអាមេរិកធ្លាក់ចុះ ប្រទេសចិន ក៏បានពង្រីកការនាំចេញ​របស់ខ្លួនទៅកាន់ទីផ្សារអាស៊ានផងដែរ ដោយនៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញរបស់​ចិនទៅអាស៊ានបានកើនឡើង២%។

ក្រុមអ្នកសង្កេតការណ៍មួយចំនួន ជឿជាក់ថា ក្រុមហ៊ុននាំចេញរបស់ចិនកំពុងបង្កើន​ការផលិតផលផលិតផលដោយប្រើប្រាស់តំបន់អាស៊ាន សម្រាប់កែច្នៃ ហើយលក់ផលិតផល​សម្រេចទាំងនោះទៅកាន់ទីផ្សារអាមេរិក និងកន្លែងផ្សេងទៀត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញថា ការចូលជាសមាជិក CPTPP របស់អង់គ្លេស អាចទាញបានប្រយោជន៍សេដ្ឋកិច្ចតិចតួច

ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យទី១៦ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាសមាជិកផ្លូវការរបស់ កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រ…

ជប៉ុន និងអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការបណ្តាក់ទុនរួមគ្នា លើការអភិវឌ្ឍធនធានរ៉ែដ៏កម្រមួយចំនួន ដើម្បីបន្ថយការពឹងផ្អែកលើចិន

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉េន (Mohammad bin Salman)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ