ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះថា៖ «រទេះភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះ ក៏ត្រៀមដាក់ឲ្យដំណើរការមុនថ្ងៃចូលឆ្នាំដែរ។ ប៉ុន្តែ ក៏មានការឆ្ងល់ថា មិនទាន់ឃើញអីផង តើជីកនៅក្រោមដី លើនៅអាកាស លឿនទេចូលឆ្នាំធ្វើហើយ។ សូមជម្រាបជូនថា រទេះភ្លើងធុនស្រាល៣គ្រឿង កំពុងតែដំឡើងធ្វើហើយនៅថ្ងៃ២៨ ខែ២ ហើយនឹងចេញដំណើរពីប្រទេសម៉ិកស៊ីកូ ត្រូវមកដល់កំពង់ផែយើងប្រហែលដាច់ខែ៣។ ផ្លូវរទេះផ្លូវ១,៣ គីឡូម៉ែត្រ យើងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកដែលយើងមានស្រាប់»។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ការបង្កើតមធ្យោបាយធ្វើដំណើរដោយរថភ្លើងពីស្ថានីយ៍រថភ្លើងភ្នំពេញ ចូលមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ន។
តាមពិតទៅ រថភ្លើងចម្ងាយខ្លីដែលតភ្ជាប់រវាងស្ថានីយរថភ្លើងភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ ហើយនៅប៉ុន្មានសប្ដាហ៍មុន មានផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន Royal Railway ដែលបានបិទជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហាញថា រថភ្លើងចម្ងាយខ្លីនេះ នឹងដំណើរការនៅខែមេសាខាងមុខផងដែរ។
លោក ទិត្យ សំអឿន ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Royal Railway បានប្រាប់ខេមបូណូមីស តាមខ្សែទូរស័ព្ទថា តាមគម្រោង រថភ្លើងនេះ នឹងបើកដំណើរការដឹកភ្ញៀវក្នុងខែមេសាឆ្នាំ២០១៨ ដោយដឹកអ្នកដំណើរទៅមករវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។
យ៉ាងក៏ដោយ លោក ទិត្យ សំអឿន មិនអាចបញ្ជាក់ពីតម្លៃសំបុត្រនៃសេវារថភ្លើងចម្ងាយខ្លីនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃ ឬ សេវាកម្មផ្សេងរបស់ ក្រុមហ៊ុន នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ៕