ធនាគារ Goldman Sachs បានឱ្យដឹងថា ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះបានបង្កើនលទ្ធភាពនៃការដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន ប៉ុន្តែប្រទេសជាច្រើនផ្សេងទៀតនៅអាស៊ី ក៏នឹងរងផលប៉ះពាល់ដូចគ្នាដែរ។
លោក អែនឌ្រូ ធីលថុន (Andrew Tilton) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារ Goldman Sachs ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងកាលពីពេលថ្មីៗនេះថា ទោះបីជាឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយប្រទេសចិន បានធ្លាក់ចុះចាប់តាំងពីរដ្ឋបាលដឹកនាំអាណត្តិទី១ របស់លោក ដូណាល់ ត្រាំ យ៉ាងណាក្ដី ក៏ឱនភាពជាមួយបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី បានកើនឡើងខ្លាំង ហើយអាចនឹងមានការពិនិត្យពិច័យកាន់តែយកចិត្តទុកដាក់បន្ថែមទៀត។
ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ គូសបញ្ជាក់ថា ដោយសារលោក ដូណាល់ ត្រាំ និងក្រុមការងាររបស់លោកផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយឱនភាពពាណិជ្ជកម្ម វាអាចបង្កហានិភ័យដល់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក ដោយសារការដាក់របបពន្ធគយរបស់អាម៉េរិក លើប្រទេសទាំងនោះ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមទៀតថា បណ្ដាប្រទេសនៅអាស៊ី ដែលនឹងរងផលប៉ះពាល់ខ្លាំងពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក រួមមានដូចជាកូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម៕
ដោយ: តែម សុខុម