ជាក់ស្ដែង ក្រុមហ៊ុនគីមីឥន្ធនៈរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្ត និងដែកថែប ដើម្បីកាត់បន្ថយការផលិតរបស់ខ្លួន ដោយសារតែទំនិញកំពុងចាល់នៅក្នុងស្តុកមិនអាចដឹកចេញបាន ខណៈដែលអ្នកបើករថយន្តដឹកទំនិញជាច្រើននៅតែបន្តធ្វើកូដកម្មទាមទារឱ្យតម្លៃប្រេងចុះថោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សមាគមឧស្សាហកម្មដែលតំណាងឱ្យក្រុមហ៊ុនគីមីឥន្ធនៈចំនួន ៣២ ក្រុមហ៊ុននៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការនាំចេញពីរោងចក្រប្រចាំថ្ងៃជាមធ្យមរបស់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមនេះបានធ្លាក់ចុះ ៩០% ដោយសារតែកូដកម្មរបស់អ្នកបើករថយន្តដឹកទំនិញ ដែលឥឡូវនេះបានឈានដល់ថ្ងៃទី០៧ហើយ។
សមាគមឧស្សាហកម្មគីមីឥន្ធនៈកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សកម្មភាពរួមរបស់សហជីពសាមគ្គីអ្នកបើករថយន្តដឹកទំនិញ (Cargo Truckers Solidarity) ដើម្បីបដិសេធការដឹកជញ្ជូនទំនិញនោះ កំពុងតែបង្កការខូចខាតរាលដាលដល់ក្រុមហ៊ុនគីមីឥន្ធនៈសំខាន់ៗនៅទីក្រុងអ៊ុលសាន (Ulsan) ទីក្រុងយ៉ូស៊ូ (Yeosu) និងទីក្រុងដេសាន (Daesan)។
សហជីពដែលមានកម្លាំងកម្មករបើកបររថយន្ដដឹកទំនិញជាង២ម៉ឺន២ពាន់នាក់នោះ កំពុងតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ និងទាមទារការធានាប្រាក់ឈ្នួលអប្បបរមា ហើយការចរចា ៤ លើកជាមួយរដ្ឋាភិបាលបានបរាជ័យក្នុងការស្វែងរកការសម្រុះសម្រួលគ្នា។
មកដល់ពេលនេះគេមិនទាន់បញ្ជាក់ជាក់លាក់បាននៅឡើយទេ ថាតើក្រុមហ៊ុនប៉ុន្មានដែលបានកាត់បន្ថយប្រតិបត្តិការផលិតកម្មរួចហើយ ឬយ៉ាងណានោះទេ ប៉ុន្តែប្រភពពីក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំមួយបានប្រាប់ទីភ្នាក់ងារ Reuters ថា ក្រុមហ៊ុនភាគច្រើននៅតែរក្សាទុកផលិតផលសម្រេចរបស់ខ្លួនដោយក្តីសង្ឃឹមថា នឹងបន្តការដឹកជញ្ជូនឡើងវិញ។
ក្រុមហ៊ុនផលិតរថយន្តដែលរងគ្រោះខ្លាំងដោយសារពួកគេមិនអាចទទួលការផ្គត់ផ្គង់គ្រឿងបន្លាស់និងផលិតផលសម្រេចបានទាន់ពេលវេលានោះ ក៏បានបង្កើតក្រុមការងារនៅក្នុងសមាគមពាណិជ្ជកម្មរបស់ពួកគេ ដើម្បីតាមដានស្ថានភាព និងអំពាវនាវឱ្យមានការដោះស្រាយជាមុន។
ក្រុមហ៊ុនផលិតដែកថែប POSCO បាននិយាយថា ខ្លួននឹងផ្អាកផលិតកម្មនៅរោងចក្រមួយចំនួនដោយសារខ្វះកន្លែងស្តុកទុកផលិតផលដែលមិនទាន់ដឹកជញ្ជូនចេញ។ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បានកាត់បន្ថយការផលិតនៅតាមខ្សែសង្វាក់ផលិតកម្មមួយចំនួន ហើយក្រុមហ៊ុនផលិតស៊ីម៉ងត៍ក៏បានកាត់បន្ថយប្រតិបត្តិការផងដែរ។
ជម្លោះការងារអូសបន្លាយពេលយូរនេះ កំពុងក្លាយជាវិញ្ញាសារសាកល្បងដ៏សំខាន់មួយ សម្រាប់ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក យុន ស៊ុកយែល (Yoon Suk-yeol) ជាអ្នកនយោបាយថ្មីថ្មោងដែលបានឡើងកាន់តំណែង ៥ សប្តាហ៍មកនេះ។
រដ្ឋាភិបាលបានជំរុញឱ្យអ្នកបើកបររថយន្តដឹកទំនិញទាំងនេះ ត្រឡប់ទៅធ្វើការវិញដោយរដ្ឋាភិបាលបាននិយាយថា នឹងព្យាយាមរកដំណោះស្រាយស្របតាមការទាមទាររបស់ពួកគេនៅក្នុងដំណើរការនីតិប្បញ្ញត្តិ និងបន្តព្យាយាមបញ្ចប់ជម្លោះតាមរយៈការសន្ទនាគ្នា។
នៅពេលសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងការរាំងស្ទះការផ្គត់ផ្គង់នោះការយឺតយ៉ាវក្នុងការផលិត និងការដឹកជញ្ជូនបន្ទះសៀគ្វី គីមីឥន្ធនៈ និងរថយន្តអាចបន្ថែមការព្រួយបារម្ភអំពីការកើនឡើងនូវអតិផរណា និងកំណើនយឺតសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូងផងដែរ។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍បាននិយាយកាលពីសប្តាហ៍មុនថា អតិផរណារបស់កូរ៉េខាងត្បូងត្រូវបានកំណត់ថា នឹងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ពោលគឺមានរហូតដល់ ៤,៨% នៅឆ្នាំនេះ៕