អ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើការទូទាត់ថ្លៃអគ្គិសនីជូនអគ្គិសនីកម្ពុជា (EDC) ដោយមិនគិតថ្លៃសេវាគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។
ការផ្តល់ជូនសេវាទូទាត់ថ្លៃអគ្គិសនី “ដោយមិនគិតថ្លៃសេវា” នេះ មានសុពលភាពសម្រាប់អ្នកដែលទូទាត់ថ្លៃអគ្គិសនីជូន EDC តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ដោយសារការរាតត្បាតជំងឺកូវីដ-១៩ អ្នកខ្លះបានជួបបញ្ហាប្រឈមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការផ្តល់ជូនសេវាបែបនេះ យើងសង្ឃឹមថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនយើងមានភាពកាន់តែងាយស្រួលខ្លាំង និងចំណាយកាន់តែតិចផងដែរដោយសារការលើកលែងថ្លៃសេវាលើការទូទាត់ថ្លៃអគ្គិសនី”។អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានទទួលបានការលើកលែងថ្លៃសេវានេះរួចហើយសម្រាប់ការទូទាត់ថ្លៃអគ្គិសនីជូន EDC កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ បានដាក់បញ្ចូលខេត្តចំនួន៥ បន្ថែមទៀតទៅក្នុងការផ្តល់ជូនការលើកលែងសេវាថ្លៃទូទាត់អគ្គិសនីនេះ។
លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាផ្នែកដ៏សំខាន់មួយរួចហើយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូនការទូទាត់នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងពង្រីកសេវារបស់ខ្លួនដល់អតិថិជនកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេសកម្ពុជា”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។