នៅក្នុងហ្វូងអ្នកមកគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ក្នុងទីក្រុង Istanbul ប្រទេសទួកគី ដែលរៀបចំឡើងដោយបក្សអភិរក្សកំពុងកាន់អំណាចសព្វថ្ងៃ លោក រីស៊ីប តាយីប អេដូហ្កាន ប្រធានាធិបតីទួកគី បានថ្លែងថា ហាម៉ាសមិនមែនជាអង្គការភេរវកម្មទេ គេគឺជាក្រុមរំដោះជាតិ និងប្រយុទ្ធ ដើម្បីការពារទឹកដី និងប្រជាជនប៉ាឡេស្ទីនរបស់គេពីការគ្រប់គ្រងដោយអ៊ីស្រាអែល។
គួររំលឹកថា ហាម៉ាស ត្រូវបានសហរដ្ឋអាម៉េរិក និងប្រទេសអ៊ឺរ៉ុប ចាត់ទុកជាអង្គការភារវកម្ម និងបានការវាយឆ្មក់ចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា និងបង្កឱ្យមានមនុស្សស្លាប់ភ្លាមៗជាង១,៤០០នាក់។
មែនទែនទៅ ការលើកឡើងរបស់លោក អេដូហ្កាន បែបនេះ មិនមែនជាលើកទីមួយទេ និងមិនមានអ្វីចម្លែកដែរ ព្រោះហាម៉ាសមានមនោគមវិទ្យាសាសនាអ៊ីស្លាមដូចទៅនឹងគណបក្សកាន់អំណាចបច្ចុប្បន្នរបស់ទួកគីដែរ។
ភ្លាមៗក្រោយការថ្លែងគាំទ្រហាម៉ាស និងចោទប្រកាន់អ៊ីស្រាអែលដូច្នោះ ក្រសួងការបរទេសអ៊ីស្រាអែលបានកោះហៅតំណាងការទូតរបស់ខ្លួនចេញពីប្រទេសនេះភ្លាមៗ និងថា អ៊ីស្រាអែលនឹងត្រូវវាយតម្លៃអំពីទំនាក់ទំនងជាមួយទួកគីសាជាថ្មី។
ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃចន្ទ ថ្លែងតាមទូរទស្សន៍រដ្ឋរុស្ស៊ី ក្នុងជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត លោក ពូទីន មេដឹកនាំរុស្ស៊ី បាននិយាយថា «ពួកមានអំណាចរបស់អាម៉េរិកគឺជាអ្នកនៅពីក្រោយការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅហ្កាហ្សា ហើយក៏ជាអ្នកនៅពីក្រោយជម្លោះនៅអ៊ុយក្រែន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីដែរ។
លោកថា លោកខាងលិចតែងចង់ឱ្យមានភាពចលាចលជាប្រចាំនៅមជ្ឈិមបូព៌ា។ លោក ពូទីន ថា គន្លឹះដោះស្រាយជម្លោះនេះបានគឺមានតែមួយគត់ដោយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យអធិបតេយ្យភាពមួយ»។
ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃអង្គារ ក្រុមហាម៉ាសបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាបានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅលើកងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែលជាង១រយគ្រាប់។ យ៉ាងណាក៏ដោយ គេមិនទាន់អាចបញ្ជាក់ពីហេតុរាយការណ៍នេះបាននៅឡើយទេ ខណៈយោធាអ៊ីស្រាអែល ក៏មិនឆ្លើយតបដូចគ្នា។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនឱ្យដឹងថា អ្នកស្លាប់នៅហ្កាហ្សាបានកើនឡើងជាង៨ពាន់នាក់ហើយ។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក នេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលដល់ដំណាក់កាលនេះ គឺលែងបកក្រោយហើយពោលគឺនឹងមិនចរចារឱ្យមានបទឈប់បាញ់ ឬបញ្ឈប់សង្គ្រាមជាមួយពួកហាម៉ាសនោះទេ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅក្រុមសកម្មប្រយុទ្ធហាម៉ាសជាង៦០០ ទីតាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក្នុងតំបន់ហ្គាហ្សា៕