ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ភ្លាមៗបន្ទាប់ពីទទួលបានសំណើសន្តិភាពជាថ្មីពីភាគីអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បានប្រកាសប្រាប់កងទ័ពអាម៉េរិកភ្លាមៗថា លោកនឹងមិនបើកការវាយប្រហារលើអ៊ីរ៉ង់ តាមការកំណត់នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះទេ ប៉ុន្តែអាម៉េរិក ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីវាយបកទៅលើអ៊ីរ៉ង់វិញយ៉ាងខ្លាំងក្លា និងគ្រប់រូបភាព ប្រសិនបើកិច្ចព្រមព្រៀងខាងមុខមិនអាចទទួលយកបាន។
ការប្រកាសផ្អាកការវាយប្រហាររបស់លោក ត្រាំ នេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្កេអ៊ី (Esmaeil Baghaei) បានបញ្ជាក់ថា សំណើសន្តិភាពថ្មីចុងក្រោយបង្អស់របស់ទីក្រុងតេអេរ៉ង់ ត្រូវបានបញ្ជូនទៅកាន់ភាគីអាម៉េរិករួចរាល់ហើយ តាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារ នៃសំណើនោះឡើយ។
ដោយឡែកមន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ បានទម្លាយឱ្យដឹងថា អឺរ៉ង់ កំពុងតែជួបវិបត្តិអតិផរណាហក់ឡើងខ្ពស់ អត្រាគ្មានការងារធ្វើកាន់តែអាក្រក់ និងការវាយប្រហារលើវិស័យឧស្សាហកម្មសំខាន់ៗ បាននិងកំពុងយាយីសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលទន់ជ្រាយស្រាប់ឱ្យកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ដូច្នេះអឺរ៉ុបមិនចង់អូសបន្លាយសង្គ្រាម និង គ្មានសន្តិភាពតទៅទៀតទេ។
អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាម ពោលគឺការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ បន្ទាប់មកបន្តចរចាលើរបៀបវារៈធំៗដទៃទៀត ដូចជាការបន្ធូរបន្ថយទណ្ឌកម្ម និងការរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែជាដើម។
អ៊ីរ៉ង់បានបង្ហាញជំហរថា ខ្លួននឹងកាត់បន្ថយស្តុកអ៊ុយរ៉ាញ៉ូម ចំនួន៤៤០គីឡូក្រាម ដោយបញ្ជូនមួយផ្នែកទៅរក្សាទុកនៅប្រទេសរុស្ស៊ី ប៉ុន្តែអ៊ីរ៉ង់ ទាមទារសិទ្ធិអាចដកយកមកវិញបាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រំលោភលើកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា ចំណុចនេះត្រូវបានទីក្រុងវ៉ាស៊ីនតោនបដិសេធមិនឯកភាពឡើយ។
លើសពីនេះ អ៊ីរ៉ង់ ក៏បានយល់ព្រមផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងរយៈពេលខ្លី មិនមែន២០ឆ្នាំដូចការទាមទាររបស់អាម៉េរិកឡើយ ដើម្បីជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិ ដែលរងការបង្កកចំនួន៣០ពាន់លានដុល្លារមកវិញ ប៉ុន្តទីក្រុងវ៉ាស៊ីនតោន យល់ព្រមដោះលែងទ្រព្យសម្បត្តិទាំងនោះត្រឹមតែ១ភាគ៤ប៉ុណ្ណោះ និងត្រូវធ្វើឡើងទៅតាមដំណាក់កាលនីមួយៗ៕
អត្ថបទៈ សួន ឡង់ទី