នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ សម្តេចតេជោ នឹងមានការចូលជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីចិន លោក ស៊ីជីនពីង, លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង និងមន្ត្រីកំពូលៗរបស់ចិនជាច្រើនរូបទៀតផងដែរ ដោយក្នុងនោះ ឯកសារកិច្ចសហប្រតិបត្តិការ និងអនុស្សារណៈយោគយល់គ្នាចំនួន១២ រវាងកម្ពុជា និងចិន ក៏នឹងត្រូវចុះហត្ថលេខានៅអំឡុងដំណើរទស្សនកិច្ចនេះផងដែរ។ នេះបើតាមប្រភពព័ត៌មានដែលបានបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។
បើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមប្រភពដដែល ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ លើសពីនោះ សម្ដេចក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ ផងដែរ។
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ និងអនុស្សារណៈសំខាន់ៗចំនួន១២ឯកសារផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានៅឆ្នាំ២០២៣នេះ កំពុងខិតខំប្រឹងប្រែងខ្លាំងមែនទែនក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនវិលត្រឡប់មកកម្ពុជា ក្រោយពីបានស្ងប់ស្ងាត់ដោយសារការរាតត្បាតនៃកូវីដ១៩អស់រយៈពេលប្រមាណ៣ឆ្នាំមកនេះ។
យ៉ាងណាមិញ ក្រោយពីប្រទេសចិនបើកទ្វារប្រទេសឲ្យពលរដ្ឋមានការធ្វើដំណើរចេញចូលទៅក្រៅប្រទេសឡើងវិញនោះ កម្ពុជាក៏មានក្ដីរំពឹងខ្ពស់ដែរថា នឹងអាចទួលបានទេសចរជនជាតិចិនប្រមាណ ១លានទៅ១លាន៥សែននាក់នៅឆ្នាំ២០២៣។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដោយនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានដល់ទៅជាង១១ពាន់លានដុល្លារ កើនឡើង៤,៤% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង១ពាន់២រយលានដុល្លារ ធ្លាក់ចុះប្រមាណ ១៨% ខណៈចិននាំចូលមកកម្ពុជាវិញមានដល់ទៅជាង ១០ពាន់លានដុល្លារ កើនប្រមាណ៨%៕