យ៉ាងហោចណាស់ ស្ត្រីវ័យចំណាស់ចំនួន២នាក់ហើយ នៅក្នុងប្រទេសថៃ ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង។
ករណីស្លាប់ដោយសារមេរោគអូមីក្រុងលើកដំបូងនៅក្នុងប្រទេសថៃ កើតឡើងលើលោកយាយវ័យ ៨៦ឆ្នាំដែលបានចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូសរួចហើយ រស់នៅក្នុងខេត្តសុងខ្លា ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ករណីស្លាប់ទី២ គឺជាលោកយាយចំណាស់អាយុ ៨៤ឆ្នាំ ដែលមានទីលំនៅក្នុងខេត្ត ឧត្តុនថានី ដោយមិនមានចាក់វ៉ាក់សាំងបង្ការកូវីដ១៩នោះទេ ហើយថែមទាំងមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយផងផងដែរ។ ស្ត្រីវ័យ៨៤ឆ្នាំរូបនេះ បានទទួលមរណភាពដោយសារវីរុសបំប្លែងខ្លួនអូមីក្រុង ក្រោយរកឃើញវិជ្ជមានបានជិត១សប្តាហ៍។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩របស់ថៃ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ស្ត្រីវ័យ៨៤ឆ្នាំ ដែលជាករណីស្លាប់ទី២ ដោយសារមេរោគអូមីក្រុងនេះ បានឆ្លងពីកូនប្រុសរបស់គាត់ ដែលរស់នៅផ្ទះជាមួយគ្នា ដោយធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ដំបូងនៅថ្ងៃទី០៩ខែមករា ប៉ុន្តែគាត់មិនមានចេញរោគសញ្ញាអ្វីនោះទេ។នៅថ្ងៃទី១២មករា អ្នកស្លាប់ដដែលនេះ នៅតែមិនទាន់បង្ហាញពីរោគសញ្ញាគ្រុនក្តៅអ្វីទាំងអស់ រីឯកម្រិតអុកស៊ីហ្សែននៅក្នុងឈាមក៏មានសភាពធម្មតា។ រហូតដល់ថ្ងៃទី១៤មករាទើបរូបគាត់ ចាប់ផ្តើមអស់កម្លាំង ពិបាកដកដង្ហើម ឯអុកស៊ីហ្សែនក្នុងឈាមចាប់ផ្តើមធ្លាក់ចុះខ្លាំង ទើបនៅយប់ថ្ងៃទី១៥មករាក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
សូមបញ្ជាក់ថា មកទល់ពេលនេះ ករណីឆ្លងវីរុសអូមីក្រុង នៅថៃ មានជាច្រើនពាន់ករណី ស្របពេលដែលករណីឆ្លងជាមធ្យមប្រចាំថ្ងៃស្ថិតក្នុងអត្រាជាង ៧ពាន់ទៅ៨ពាន់នាក់ ក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី១០ ខែមករា ថៃ មានករណីឆ្លងអូមីក្រុងសរុបជាង ៥ពាន់ករណី។ ដោយឡែក ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅថៃមានចំនួនជាង ២,៣លានករណី និងអ្នកស្លាប់មានជាង ២ម៉ឺននាក់។
ទន្ទឹមនឹងនេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ១០៣លានដូស ដល់ប្រជាជនខ្លួន ខណៈប្រជាជនថៃចំនួនជាង ៤៥លាននាក់ បានទទួលវ៉ាក់សាំងចំនួន ពីរដូសរួចហើយ៕