ប្រាក់ចំណេញអេស៊ីលីដា

កត្តាពីរយ៉ាង ជួយឲ្យធនាគារអេស៊ីលីដា «ចំណេញបានជាង១៤១ លានដុល្លារនៅឆ្នាំ២០២០»


បើទោះបីជាវិបត្តិកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើនក៏ដោយចុះ ប៉ុន្ដែធនាគារអេស៊ីលីដានៅតែរកបានប្រាក់ចំណេញដល់ទៅជាង ១៤១ លានដុល្លារអាមេរិកនៅឆ្នាំ២០២០កន្លងទៅនេះ កើនឡើង១៧%។ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បានលើកឡើងពីហេតុផលចំនួន ២យ៉ាង បានដែលជំរុញឲ្យអេស៊ីលីដានៅតែរកបានប្រាក់ចំណេញខ្ពស់នៅឆ្នាំ២០២០។
លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ។ រូបភាព៖ ខេមបូណូមីស
ដោយ

ឆ្លើយតប​ជាមួយនឹងសំណួរ​របស់​ខេមបូណូមីស តាមរយៈប្រព័ន្ធ​តេឡេក្រាម លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់ថា ដំណើរ​ការអាជីវកម្ម​របស់​ធនាគារ អេស៊ីលីដា នៅឆ្នាំ២០២០ ស្ថិតក្រោម​ស្ថានភាព​លំបាក​នៃការរាតត្បាត​ជាសកល​នៃជំងឺកូវីដ-១៩ ប៉ុន្ដែ ធនាគារនេះ នៅតែ​មានប្រតិបត្តិការ​រឹងមាំ​ល្អ ជាមួយនឹង​ប្រាក់ចំណេញ​ខ្ពស់ គឺដោយសារតែ​កត្តាពីរយ៉ាង​ខាងក្រោមនេះ ៖

ទី១, កំណើន​សំពៀតឥណទាន ដោយសារ​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​លើ​ផលិតផល​ឥណទាន​របស់​ធនាគារ ជាពិសេស​វិស័យ SME។

ទី២, កំណើន​ប្រាក់បញ្ញើ-សន្សំ របស់​ធនាគារ រួមជាមួយ​ផលិតផល និង​សេវាកម្ម​ផ្សេងទៀត។

លោកស្រី ម៉ារ អមរា បានគូសបញ្ជាក់ទៀតថា «កត្តាទាំងពីរនេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​នឹងការអភិវឌ្ឍ​ឥតឈប់ឈរ​នៃប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ដែលផ្តល់​ជូនអតិថិជន​នូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពច្នៃប្រឌិត និងទាន់សម័យ។ ការបង្កើន​ភាពងាយស្រួល​ដល់​អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាព​អ៊ិនធើណែត គឺជាចំណុចដែលធនាគារ អេស៊ីលីដា ផ្ដោត​ការយកចិត្តទុកដាក់បំផុត»។

បើតាម​អនុប្រធាន​នាយកប្រតិបត្តិ​អេស៊ីលីដា​រូបនេះ ដើម្បីសម្រេច​នូវវឌ្ឍនភាព​គោលដៅ​ដ៏រឹងមាំទាំងនេះ ធនាគារនឹង​បន្តលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគ​លើបច្ចេកវិទ្យាទំនើបចុងក្រោយ ពង្រឹង​សមត្ថភាព​ធនធានមនុស្ស ព្រមទាំង​ពង្រីក និងកែលម្អដំណើរការ​អាជីវកម្ម។ លោកស្រី ម៉ារ អមរា បន្ថែមទៀតថា «ជាយុទ្ធសាស្ត្រ ធនាគារកំពុង​អភិវឌ្ឍប្រព័ន្ធ​ទូទាត់​ដែលអាច​ឱ្យដៃគូ​ទាំងក្នុង និងក្រៅប្រទេស​អាចភ្ជាប់​ប្រព័ន្ធនេះដើម្បីបម្រើ​អតិថិជន​ទៅវិញ​ទៅមក និងឆ្លងព្រំដែន។ ប្រព័ន្ធនេះ មិនត្រឹមតែផ្ដល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​អតិថិជន​ដ៏ឆ្លាតវៃ​របស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ដៃគូអាជីវកម្ម​របស់​យើងផងដែរ។ យើងខ្ញុំទទួល​ស្គាល់ថា​អតិថិជន និងដៃគូ​អាជីវកម្ម​ទាំងអស់គឺជាបណ្ដាញ​តភ្ជាប់​ដ៏មានសារសំខាន់​សម្រាប់​ពង្រីក​សេវាកម្ម​របស់​ធនាគារ និងរីកចម្រើន​ជាមួយគ្នា»។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (រូបភាព៖ ធនាគារអេស៊ីលីដា)

អេស៊ីលីដា​ម៉ូបាល បាន​កែ​លម្អ​យ៉ាង​ទូលំទូលាយ និង​ផ្លាស់​ប្តូរ​រូបរាង​ថ្មី កាន់​តែ​ទំនើប ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់ ជា​មួយ​នឹង​មុខងារ​ពិសេសៗ​ជា​ច្រើន ។ ឥឡូវនេះ អតិថិជន​ទាំងអស់​អាចប្រតិបត្តិការ​ប្រាក់បញ្ញើ-សន្សំ (សំចៃ ​ចរន្ត និងមាន​កាល​កំណត់) តាមរយៈ អេស៊ីលីដា​ម៉ូបាល បានភ្លាមៗ ថែមទាំងទទួល​បានការប្រាក់ខ្ពស់​ទៀតផង។ លោកអ្នក​ក៏អាចដាក់ប្រាក់​បញ្ញើ​មានកាលកំណត់​ដោយខ្លួនឯងបានយ៉ាង​ងាយស្រួល ជាមួយម៉ាស៊ីន​ដាក់ប្រាក់​បញ្ញើ​មានកាល​កំណត់ផងដែរ។

ធនាគារក៏បាន និងកំពុងបន្ត​វិនិយោគ​ក្នុងការពង្រីក​ទីតាំងស្វ័យ​សេវា​ធនាគារ ដោយធ្វើការ​ដំឡើង​បន្ថែមនូវម៉ាស៊ីនអេធីអឹម ម៉ាស៊ីនដក-ដាក់ប្រាក់ ម៉ាស៊ីនឆូតកាត និងការពង្រីក​បណ្ដាញ​ទូទាត់តាម QR របស់ខ្លួន។

ធនាគារបានពង្រីក​បណ្តាញ​ស្វ័យប្រតិបត្តិការ អភិវឌ្ឍសេវា​ធនាគារឌីជីថល​ឲ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ធនាគារ​តែងតែ​ខិតខំ​ធ្វើឲ្យប្រតិបត្តិការ​របស់ខ្លួន​កាន់តែ​ប្រសើរឡើង ដោយបន្ត​ធ្វើ​ទំនើបកម្ម និងនវានុវត្តន៍​ផលិតផល-សេវាកម្ម និង​ពង្រឹងគុណភាពការបម្រើសេវាកម្ម​នៅក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ។ បង្កើតឲ្យ​មានកម្មវិធី​សំណើ​សុំឥណទាន​ដែលមានភាពសាមញ្ញ និងងាយស្រួល​ប្រើប្រាស់ដោយ​មធ្យោបាយ​ឌីជីថល តាមរយៈ​កម្មវិធី “អេស៊ីលីដាម៉ូបាល” ហើយវា​ក៏អាចប្រើ​ជាមួយ​គណនី​ប្រាក់បញ្ញើ-សន្សំ (សំចៃ ​ចរន្ត និងមាន​កាល​កំណត់) ផងដែរ រួមជាមួយ​អត្រាការប្រាក់​ដែលមាន​ភាពបត់បែន។

ម្យ៉ាងវិញទៀតធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចុះ​អត្រា​ការប្រាក់ពី ០,៤% រហូតដល់ ១% ក្នុង ១ឆ្នាំ បន្ថែមទៀត​លើការស្នើ​សុំឥណទានថ្មី​គ្រប់ប្រភេទ ដើម្បីចូលរួមគាំទ្រ​ការរីកលូតលាស់​អាជីវកម្ម​របស់អតិថិជន និងដោយ​កាន់តែ​មាន​ភាពងាយស្រួល អតិថិជនទាំងអស់​អាចដាក់​សំណើសុំ​ឥណទាន​តាមរយៈ អេស៊ីលីដាម៉ូបាល។ ជាលទ្ធផល សមតុល្យឥណទាន​ដុលសរុប​នៅត្រីមាស​ទី៤ ឆ្នាំ២០២០ មានការកើន​ឡើងចំនួនជាង ៣៦២ លានដុល្លារ​អាមេរិក ធៀបនឹង​ត្រីមាស​ទី៣ ឆ្នាំ២០២០៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា ចំណេញជាង ១៤១លានដុល្លារនៅឆ្នាំ ២០២០ ទោះបីមានកូវីដ-១៩ តាមរំខាន

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសប្រាក់ចំណេញក្រោយបង់ពន្ធរួច មានដល់ទៅ ជាង១៤១ លានដុល្លារអាមេរិក នៅឆ្នាំ…

ចូលឆ្នាំចិន ២ថ្ងៃ ភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដ

នៅរយៈពេល ២ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន (១២-១៣ កុម្ភៈ) យ៉ាងហោចណាស់មានភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដនៅទូទាំងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ