លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា នាយប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនគារចិន (Bank of China) ដែលការិយាល័យធនាគារនេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្ដង។ ដូច្នេះ ក្រសួង បានស្នើសុំបិទជាបណ្ដោះអាសន្នដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ត។
សូមបញ្ជាក់ថា អគារកាណាឌីយ៉ា គឺជាអគារពាណិជ្ជកម្មមួយ ដែលមានការិយាល័យក្រុមហ៊ុន និងហាងលក់ទំនិញជាច្រើននៅក្នុងនោះផងដែរ។
ដោយឡែក ធនាគារ កាថេ យូណាយធីត សាខានៅផ្លូវសម្ដេចប៉ាន ភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យផ្អាកដំណើរការបណ្ដោះអាសន្ន ១៤ថ្ងៃ គិតពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះទៅ ដោយក្រសួងនឹងចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់មកធ្វើតេស្ត និងតម្រូវឲ្យបុគ្គលិកទាំងអស់ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីឆ្លងចូលសហគមន៍ចំនួន០២ នាក់បន្ថែមទៀត គឺទីមួយបានឆ្លងលើបុគ្គលិកធនាគារចិនម្នាក់ និងបុគ្គលិកធនាគារ កាថេ យូណាយធីត ម្នាក់។
បច្ចុប្បន្ន អ្នកជំងឺទាំងពីររូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
គិតមកទល់ព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ ករណីឆ្លងសហគមន៍សរុប ដែលក្រសួងសុខាភិបាលបានប្រកាសរកឃើញ បានកើនឡើងដល់ ១៩ករណីហើយ គិតចាប់ពីថ្ងៃ"ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា" មក ៕