បន្ទាប់ពីការដាក់ចេញនៅគម្រោងទេសចរពិសេសកោះភូកេតបានជាង២សប្ដាហ៍ដែលបានស្រូបទាញភ្ញៀវទេសចររាប់ពាន់នាក់។ ប៉ន្ដែ ឥឡូវនេះស្ថានភាពកំពុងប្រឈមការឆ្លងកូវីដ-១៩កាន់តែខ្លាំង តួយ៉ាងបើតាមលោក Koosak Kookiattikul ប្រធានការិយាល័យសុខភាពសាធារណៈនៅភូកេតបានបញ្ជាក់ថាសម្រាប់ខេត្តភូកេតបានរកឃើញអ្នកជំងឺដំបូង ដែលឆ្លងកូវីតបម្លែងថ្មី ឌែលតា។ លោកបានបន្តទៀតថាអ្នកជម្ងឺជាអ្នកជំនួញបរទេសដែលរស់នៅក្នុងខេត្តភូកេតត្រូវបានសង្ស័យថា បានឆ្លងជម្ងឺពីភ្ញៀវមកពីទីក្រុងបាងកក។
ទន្ទឹមនេះលោកបានបញ្ជាក់ថា នៅក្នុងខេត្តភូកេតបានរកឃើញជម្ងឺកូវីដ-១៩ បីប្រភេទផ្សេងគ្នា ក្នុងនោះភាគច្រើនជាប្រភេទ អាល់ហ្វាដែលរកឃើញដំបូងក្នុងប្រទេសអង់គ្លេស, ប្រភេទប៊ែលតាមានចំនួន៦ករណីដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនិងប្រភេទចុងក្រោយគឺ ឌែលតា ដែលកំពុងបន្ដឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសថៃ។
ក្រោយពីររកឃើញមានការឆ្លងរីករាលដាលលឿនអាជ្ញាធរបានចេញបញ្ជាបិទសាលារៀនទាំងអស់ចាប់ពីថ្ងៃទី ១២-២៣ ខែកក្កដាហើយប្តូរទៅរៀនតាមប្រព័ន្ធអ៊ិនធរណេតវិញ។ ការបិទរយៈពេល២សប្ដាហ៍នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងខេត្ត ដែលបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកជំងឺ Covid-19 ដែលមានអាយុក្រោម ១៨ ឆ្នាំ ខណៈពេលដែលអ្នកជំងឺភាគច្រើនជាជនជាតិថៃដែលធ្វើដំណើរពីខេត្តផ្សេងៗ។
អាជ្ញាធរខេត្តក៏បានស្នើឲ្យមានការរឹតត្បិតសម្រាប់វិធានការគម្លាតសង្គម ចំពោះភ្ញៀវទេសចរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ សូមបញ្ជាក់ថា
គិតតាំងពីថ្ងៃបើកដំបូងនៅថ្ងៃទី ០១ ខែកក្កដាមក
កោះភូកេតទទួលបានភ្ញៀវទេសចរសរុបជាង៣ពាននាក់។
ប្រទេសថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការស្ទុះកើនឡើងករណីឆ្លងប្រចាំថ្ងៃកាន់តែច្រើនឡើងៗ ដោយនៅថ្ងៃអាទិត្យសប្ដាហ៍មុននេះ អ្នកឆ្លងសរុបនៅថ្ងៃមានជាង៩ពាន់៥រយនាក់ និងអ្នកស្លាប់មាន៨៦នាក់។ សរុបមកទល់ពេលនេះ ថៃមានអ្នកឆ្លងសរុបជាង៣៣ម៉ឺននាក់ហើយ និងស្លាប់ជាង២ពាន់៧រយនាក់៕
អត្ថបទ៖ ស៊ើង និមល់