ប្រាក់សរុប ១៥០ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃការជំរុញដោយក្រុមហ៊ុន និងប្រទេសអារ៉ាប់រួម ដើម្បីបង្កើនចំនួនអ៊ីដ្រូកាបូន ស្របជាមួយគោលដៅលុបបំបាត់ការបញ្ចេញផ្សែងពុលនៅត្រឹមឆ្នាំ២០៥០។
ការសម្រេចនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រទេសដែលជាសមាជិកអង្គការ OPEC មួយនេះ បានរិះគន់រដ្ឋាភិបាល និងអ្នកវិនិយោគលោកខាងលិចថា បាននឹងកំពុងព្យាយាមដើរចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីលយ៉ាងលឿនរហ័ស។ ក្នុងនោះពួកគេ បានកត់សម្គាល់ទៅលើការកើនឡើងតម្លៃ និងបានរកឃើញថា មានការវិនិយោគតិចតួចប៉ុណ្ណោះ ក្នុងការរុករកប្រេង និងឧស្ម័ន ក្នុងរយៈពេលចុងក្រោយនេះ។
លោក Sultan al Jaber ប្រធានមន្រ្តីប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ពិភពលោកត្រូវការថាមពលអតិបរមា និងការបញ្ចេញផ្សែងអប្បបរមា ហេតុដូច្នេះហើយវាត្រូវការដំណោះស្រាយថាមពលទាំងអស់ដើម្បីអាចធានាដល់សន្តិសុខថាមពលសាកល។
តម្រូវការឧស្ម័ន ដែលប្រើប្រាស់សម្រាប់កម្តៅ និងរោងចក្រថាមពល កំពុងតែមានការកើនឡើងខ្លាំង ខណៈអឺរ៉ុបបានផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ចេញពីរុស្ស៊ី។ កាលពីខែកញ្ញា ក្រុមហ៊ុន Adnoc បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនឧស្ម័នកាន់តែច្រើនថែមទៀតទៅកាន់ប្រទេសអាល្លឺម៉ង់។
សូមបញ្ជាក់ថា ស្របពេលដែលការផ្គត់ផ្គងប្រេង និងឧស្ម័នកំពុងមានការរំខាន ដោយសារសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ សហរដ្ឋអាមេរិក ក្រោមរដ្ឋបានលោកចូ បៃឌិន ថ្មីៗនេះ បានបង្ហាញពីផែនការ នឹងផ្ដល់នូវទីតាំងដីរាប់សិបម៉ឺនហិកតា នៃតំបន់ឆ្នេរនៃរដ្ឋអាឡាស្កា សម្រាប់ការខួងរកប្រេង និងហ្គាសនៅខែក្រោយនេះ។ គម្រោងនេះ ក៏ជាយន្ដការមួយអនុលោមទៅតាមច្បាប់ស្ដីពីការកាត់បន្ថយអតិផរណាផងដែរ។ ទីតាំងខួងយកប្រេង និងហ្គាសថ្មីនេះ ត្រូវបានគេដឹងថា អាចមានសមត្ថភាពសរុប ផលិតប្រេងឆៅបានជិត២០០លានបារ៉ែល និងហ្គាសបានប្រមាណ ៨ពាន់៥រយលានម៉ែត្រគូប៕
អត្ថបទ៖ នៅ សំភី