ការសិក្សាថ្មីនេះធ្លាក់មកចំពេលដែលសេដ្ឋកិច្ចអង់គ្លេសកំពុងជួបការលំបាក ខណៈគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលដាក់ចេញដោយមេដឹកនាំប្រទេសមួយនេះ កំពុងចោទជាសំណួរនិងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ថាអាចបណ្តាលឱ្យអង់គ្លេសធ្លាក់ក្នុងវិបត្តិដែរ ឬក៏យ៉ាងណា។ បើតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានអង់គ្លេស Sky News។
លទ្ធផលនៃការស្រាវជ្រាវពីអ្នកជំនាញនៅសាកលវិទ្យាល័យ Glasgow និងមជ្ឈមណ្ឌល Glasgow សម្រាប់សុខភាពប្រជាជន ដោយបានប្រមូលទិន្នន័យស្តីពីការស្លាប់នៅក្នុងប្រទេសទាំងបី ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៩។ អំឡុងពេល៨ឆ្នាំនេះ មានមនុស្សជាង ៣៣ម៉ឺននាក់ស្លាប់ ច្រើនជាងការរំពឹងទុកនៅទូទាំងចក្រភពអង់គ្លេស ខណៈច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់ជាបុរស។
របាយការណ៍ស្រាវជ្រាវ បានរកឃើញថា ករណីស្លាប់ច្រើនបែបនេះ ផ្តើមកើតឡើង បន្ទាប់ពីក្រុមអ្នកនយោបាយអភិរក្សនិយមក្រោមការដឹកនាំរបស់លោក ដេវីដ ខាមម៉ារ៉ុន(David Cameron) បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីអង់គ្លេសក្នុងឆ្នាំ២០១០ ។
លើសពីនេះ ករណីស្លាប់ជាច្រើនទៀតទំនងជាត្រូវបានបង្កឡើងដោយគោលនយោបាយសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ហើយវាមានច្រើនជាងការស្លាប់ជាងការរាតត្បាតនៃជំងឺកូវីដ-១៩ទៅទៀត បើគេប្រៀបធៀបគ្នាទៅ។
ជាដំណោះស្រាយ របាយការណ៍ស្រាវជ្រាវបានលើកឡើងថា តម្រូវការច្បាស់លាស់ និងជាបន្ទាន់មួយសម្រាប់គោលនយោបាយដែលបង្កគ្រោះថ្នាក់បែបនេះ គឺជាកែប្រែគោលនយោបាយឡើងវិញ ហើយអ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការបន្ទាន់ ដើម្បីការពារជនងាយរងគ្រោះបំផុតនៅក្នុងសង្គម។
សូមជម្រាបថា បច្ចុប្បន្នទាំងប្រទេសសម្ព័ន្ធ និងស្ថាប័នអន្តរជាតិ សុទ្ធតែបានបង្ហាញក្តីបារម្ភចំពោះគោលនយោបាយសេដ្ឋកិច្ចថ្មីមួយទៀតរបស់លោកស្រី Liz Truss។ ជាក់ស្តែង សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភចំពោះផែនការកាត់បន្ថយពន្ធរបស់អង់គ្លេស។ ហានិភ័យសម្រាប់សហរដ្ឋអាមេរិក គឺថាបញ្ហាណាមួយដែលកើតឡើងនៅម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក អាចរីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ ទោះយ៉ាងណា កាលពីសប្តាហ៍មុន លោកស្រី Liz Truss នៅតែថ្លែងការពារផែនការសារពើពន្ធថ្មីរបស់លោកស្រី ថាជាផែនការត្រឹមត្រូវ និងបានច្រានចោល ការរិះគន់ថាផែនការនេះ អាចបង្កភាពចលាចលផ្នែកហិរញ្ញវត្ថុសកលថែមទៀតផង៕