ការសន្យារបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ដែលកំពុងប្រជែងយកកៅអីនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងបន្ទាប់ពីលោកស្រី លីហ្ស ទ្រូស (Liz Truss) ដែលជាដៃគូប្រជែងបេក្ខភាពនាយករដ្ឋមន្រ្តីដ៏ស្វិតស្វាញរបស់ខ្លួន បានចោទប្រកាន់លោកថា មានជំហរទន់ខ្សោយជាមួយប្រទេសចិន និងរុស្សី។
នៅក្នុងការឃោសនារបស់ខ្លួននោះ លោកស៊ូណាកសន្យានឹងស្នើឲ្យបិទវិទ្យាស្ថានខុងជឺទាំង ៣០ នៅក្នុងប្រទេសអង់គ្លេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលរបស់ចិន តាមរយៈកម្មវិធីវប្បធម៌ និងភាសា។
លោក Sunak ក៏បានសន្យាថានឹង «បណ្តេញសមាជិកបក្សកុម្មុយនិស្តចិនចេញពីសាកលវិទ្យាល័យរបស់អង់គ្លេស» ព្រមទាំងបង្ខំឱ្យគ្រឹះស្ថានឧត្តមសិក្សានានាបង្ហាញការផ្តល់មូលនិធិបរទេសជាង ៦ ម៉ឺនដុល្លារអាមេរិកក្នុងការពិនិត្យមើលភាពជាដៃគូស្រាវជ្រាវរវាងចិន និងអង់គ្លេសផងដែរ។
មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ទីភ្នាក់ងារចារកម្មក្នុងស្រុករបស់ចក្រភពអង់គ្លេស (MI5) នឹងត្រូវបានប្រើប្រាស់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងចារកម្មរបស់ចិន និងកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិ «របៀបអង្គការណាតូ» ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់ចិននៅសន្ដិសុខលំហរអ៊ីនធឺណេត។
លើសពីនេះ លោក Sunak បាននិយាយវាយប្រហារប្រទេសចិនថា កំពុង "លួចបច្ចេកវិទ្យារបស់អង់គ្លេស និងជំរុញគាំទ្រការទិញប្រេងពីរុស្ស៊ី ក៏ដូចជាការប៉ុនប៉ងធ្វើការរវាយប្រហារកោះតៃវ៉ាន់ផងដែរ។ បេក្ខភាពនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ក៏បានព្រលះចំៗលើគម្រោងយក្ស «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ដោយលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះកំពុងចងប្រទេសកំពុងអភិវឌ្ឍន៍នានា ជាមួយនឹងបំណុលដ៏មហាសាលជាដើម។
លោកបានបន្តយ៉ាងដូច្នេះថា វាពិតជាគ្រប់គ្រាន់ហើយ ក្នុងពេលដ៏យូរនេះដែលអ្នកនយោបាយនៅអង់គ្លេស និងនៅទូទាំងប្រទេសបស្ចិមលោកបានបិទភ្នែក មិនធ្វើមិនដឹងមិនលឺ មើលសកម្មភាព និងមហិច្ឆតារបស់ប្រទេសចិន។ លោក ស៊ូ ណាក បានសង្កត់ធ្ងន់ថា ប្រសិនបើ លោកក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១ លោកនឹងផ្លាស់ប្តូរ រឿងអសកម្មទាំងនេះ។
គេមិនអាចដឹងមុនទេថា តើការលើកឡើងទាំងអស់នេះរបស់លោកស៊ូ ណាក អាចធ្វើដូចពាក្យសំដីរបស់ខ្លួនឬយ៉ាងណា នៅពេលលោកឡើងជានាយករដ្ឋមន្ត្រី តែគេអាចដឹងថា ការលើកឡើងនេះធ្វើឡើងគឺដើម្បីធ្វើការឃោនារកសម្លេងឆ្នោត ស្របពេលដែលគូប្រកួតប្រជែងនយោបាយរបស់លោកគឺ លោកស្រីលីហ្ស ទ្រូស (Liz Truss) បានកំពុងនាំមុខលោកយ៉ាងល្អ ហើយលោកស្រីក៏មានគោលជំហរតឹងរ៉ឹងជាមួយទីក្រុងប៉េកាំងដែរ។
សួបជម្រាបថា បេក្ខភាពនាយករដ្ឋមន្រ្តីថ្មីតបស់ចក្រភពអង់គ្លេស នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញាខាងមុខ ក្រោយការលាលែងតំណែងរបស់លោកបូរីស ចនសុន។
កាលពីខែមីនា ឆ្នាំមុន ប្រទេសអង់គ្លេសបានធ្វើការត្រួតពិនិត្យលើសន្តិសុខ ការការពារជាតិ និងគោលនយោបាយការបរទេសរបស់ខ្លួន ដោយបានចាត់ទុកប្រទេសចិនថា «ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស»។ ហើយក្រោមសម្ពាធនយោបាយដ៏ក្តៅកកុគពីទីក្រុងវ៉ាស៊ីនតោន អង់គ្លេសបានហាមប្រាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សគឺ Huawei របស់ចិន ពីចែកចាយបណ្តាញ 5G នៅក្នុងចក្រភពអង់គ្លេសផងដែរ៕