ក្នុងការវាយបកនោះ ក្រុមអ្នកអង្កេតការណ៍មើលឃើញថា កម្លាំងដ៏លើសលប់ដែលប្រមូលផ្តុំកងពលតូចៗដែលទើបបង្កើតថ្មីក្នុងទិសដៅតែមួយរបស់អ៊ុយក្រែនហាក់ដូចជាកំពុងព្យាយាមវាយទៅលើកងទ័ពរុស្ស៊ីក្នុងទិសដៅផ្សេងៗគ្នាក្នុងពេលតែមួយ។អ៊ុយក្រែនបានវាយដណ្តើមបានភូមិ១នៅជាយខាងលិចនៃតំបន់ Zaporizhzhia។ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ កាលពីថ្ងៃអាទិត្យ ទី ១៨ មិថុនា។
ទោះយ៉ាងណា គេមិនឃើញមានការប្រកាសពីជោគជ័យផ្លូវការពីសំណាក់ភាគីអ៊ុយក្រែននៅឡើយទេ ខណៈដែលក្រសួងការពារជាតិរុស្ស៊ីវិញបាននិយាយថា ខ្លួនបានរុញច្រានការរុលសម្រុករបស់កងកម្លាំងអ៊ុយក្រែនទាំងបីច្រក ប៉ុន្តែមិនបានលើកឡើងពីការដណ្តើមបានភូមិ ១នោះ ឡើយ។
យោងតាមភ្នាក់ងារចារកម្មរបស់អង់គ្លេស Zaporizhia គឺជាទីតាំងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើម។ ហើយការប្រយុទ្ធក៏បានផ្ទុះឡើងនៅជុំវិញទីក្រុង Bakhmut និងក្នុងតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែនផងដែរ។
ជាមួយគ្នា លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋាភិបាលសម្រាប់តំបន់ Odesa ភាគនិរតីនៃប្រទេសអ៊ុយក្រែន បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញឃ្លាំងរំសេវរុស្ស៊ី «ដ៏សំខាន់បំផុតមួយ» នៅជិតទីក្រុងកំពង់ផែ Henichesk ដែលកាន់កាប់ដោយរុស្ស៊ី ក្នុងខេត្ត Kherson ក្បែរនោះ។
គួរជម្រាប់បន្ថែមថា ក្នុងរយៈបពេល១០ថ្ងៃមកនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានធ្វើប្រតិបត្តិការបវាយបកដណ្តើមទឹកដីរុស្ស៊ីកាន់កាប់មកវិញនេះ គេអាចអង្កេតឃើញពីការវិវត្តធំៗចំនួនបួន ដែលត្រូវបានប្រមូលនិងកត់ត្រាដោយវិទ្យាស្ថានសិក្សាសង្គ្រាម។ ដោយផ្អែកលើព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត នៅតំបន់បាក់មុត មន្ត្រីអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមបានផ្ទៃក្រលាតំបន់នេះចំនួន២០គីឡូម៉ែត្រ។
រីឯនៅភាគខាងលិចតំបន់ដូណេកស៍វិញ កងកម្លាំងអ៊ុយក្រែនបានវាយដណ្តើមកវិញនៃភូមិមួយចំនួនដែលនៅខាងត្បូងក្រុង Velyka Novosilka ប៉ុន្តែកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយសារការវាយប្រហារដោយយន្តហោះចម្បាំង និងកាំភ្លើងធំរបស់រុស្ស៊ី។ ហើយចុងក្រោយគឺតំបន់ហ្សាប៉ូរីហ្សៀនេះតែម្តង ដែលត្រូវបានរាយការណ៍មកថា អ៊ុយក្រែនកំពុងរុលសម្រុកចូលនិងដណ្តើមបានភូមិជាបន្ទបន្ទាប់ពីដៃរុស្ស៊ី តែក៏ត្រូវបានបង្អាក់ល្បឿនដោយសារគ្រាប់មីន និងអន្ទាក់សម្រាប់កម្ទេចរថក្រោះដែលរុស្ស៊ីបានដាក់ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសរសើរកងទ័ពរបស់លោកពីប្រសិទ្ធភាពក្នុងការវាយបក ដោយថា កងទ័ពរបស់អ៊ុយក្រែនកំពុងធ្វើចលនាមួយជំហានម្តងៗ ហើយកំពុងឆ្ពោះទៅមុខ។ ចំណែកឯខាងរុស្ស៊ីវិញ លោក ពូទីន ដែលកម្រធ្វើការអត្ថាធិប្បាយលើដំណើរវិវត្តនៃសង្រ្គាមនោះ បានធ្វើការកត់សម្គាល់កាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន«គ្មានឱកាស»យកឈ្នះបានឡើយ បើទោះបីជាត្រូវបានបំពាក់ដោយរថក្រោះថ្មីរបស់លោកខាងលិចក៏ដោយ៕