ខ្នងបង្អែកដ៏ក្រាស់របស់ក្រុងកៀវ គឺអាមេរិកបានព្យាករណ៍ថា ការប្រយុទ្ធដ៏ខ្លាំងក្លារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែននឹងបន្តរយៈពេលជាច្រើនខែខាងមុខទៀត ពិសេសនៅលើសមរភូមិភាគខាងកើត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សម្រាប់ភាគីបារាំង ប្រធានាធិបតីលោកម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថពាសដែកធន់ស្រាល ដើម្បីជួយដល់ការប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីនៅសមរភូមិមុខ។
បើតាមការបញ្ជាក់ពីមន្ត្រីក្រុងបារីស ការផ្តល់ឱ្យអ៊ុយក្រែននូវជំនួយរថពាសដែកនេះ ជារថពាសដែកដំបូងគេបំផុតពីបណ្តាប្រទេសលោកខាងលិចក្នុងឆ្នាំ២០២៣ ស្របពេលដែលខែតុលាកន្លងទៅអូស្ត្រាលីក៏ធ្លាប់បាននិយាយដែរថា ខ្លួនបានផ្តល់ឱ្យទីក្រុងកៀវនូវរថពាសដែកចល័ត ប៊ូសម៉ាស្ទើរ(Bushmaster) ៩០គ្រឿងរួមមកហើយ ដែលជារថសដែករឹងមាំ អាចប្រឆាំងនឹងគ្រាប់មីន អាវុធធន់តូច និងការគំរាមកំហែងផ្សេងៗទៀត។ ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាបញ្ជូនរថពាសដែក Bradley ទៅកាន់អ៊ុយក្រែន។
គួរជម្រាបដែរថា រថពាសដែក Bradley ដែលបំពាក់កាំភ្លើងដ៏ខ្លាំងក្លា គឺជាឧបករណ៍ដ៏សំខាន់របស់កងទ័ពសហរដ្ឋអាមេរិក ដើម្បីដឹកកងទ័ពទៅសឹងតែគ្រប់សមរភូមិចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពសហរដ្ឋអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ហើយពួកគេនឹងផ្តល់ឱ្យអ៊ុយក្រែននូវកម្លាំងបន្ថែមទៀតនៅលើសមរភូមិ។
ទោះយ៉ាងណាមកទល់នឹងពេលនេះរដ្ឋបាលលោក ចូ បៃដិននៅ តែមិនព្រមបញ្ជូនរថក្រោះធន់ធ្ងន់ ប្រភេទ អាប្រាម (Abrams) ទៅឱ្យទីក្រុងកៀវដដែល ដែលនេះជាការចង់បានជាយូរមកពីសំណាកប្រធានាធិបតីអ៊ុយក្រែន។ មែនទែនទៅក្រុងកៀវបានស្នើម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តលោកខាងលិច មិនថាតែអាមេរិកនោះទេ ឱ្យបញ្ចូនរថក្រោះប្រយុទ្ធធន់ធ្ងន់ដូចជា Abrams និងរថក្រោះ លីអូផាត (Leopard០ របស់អាល្លឺម៉ង់ជាដើម ប៉ុន្តែមិនការឆ្លើយតបជាវិជ្ជមាន។
ចំណែកស្ថានការណ៍នៅលើសមរភូមិវិញ ត្រូវបានសហរដ្ឋអាមេរិកប៉ាន់ស្មានថា ការប្រយុទ្ធគ្នានៅក្នុងតំបន់ ដូណេស(Donetsk) ភាគខាងកើតអ៊ុយក្រែន នឹងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ខណៈការប្រយុទ្ធដ៏ខ្លាំងក្លាទំនងជានឹងបន្តអូសបន្លាយច្រើនខែទៀត។
គួររំឭកថា លោក ហ្សេលេនស្គី កាលពីខែមុនបានថ្លែងប្រាប់សភាអាមេរិកច្បាស់ៗថា ជំនួយរាប់សិបពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក គឺដើម្បីជួយខ្លួនប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី មិនមែនជាការផ្តល់ឱ្យដោយសប្បុរសធម៌នោះទេ ប៉ុន្តែជាការវិនិយោគលើសន្តិសុខពិភពលោក។ សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយសព្វាវុធមួយផ្សេងទៀត ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលមានតម្លៃជាង២០ពាន់លានដុល្លារ។
ជាមួយគ្នានេះ ជាសញ្ញាប្រាប់ទៅកាន់ប្រទេសលោកខាងលិចវិញ គឺរុស្ស៊ីមិនបានបង្ហាញពីចេតនាចង់ ដកថយឡើយ ដោយទីក្រុងម៉ស្គូត្រូវបានគេរាយការណ៍ថា បានបញ្ជូននាវាចម្បាំងទៅកាន់មហាសមុទ្រអាត្លង់ទិក ប្រដាប់ដោយមីស៊ីលបណ្តែតដែលមានល្បឿនលឿនជាងសំឡេង៥ដង៕