ជាច្រើនសប្តាហ៍នៃការប្រយុទ្ធសម្រាប់ក្រុងសៀវវីរ៉ូដូណេក ដែលជាទីក្រុងតូចមួយក្នុងខេត្ត លូហាន់(Luhansk) បានក្លាយជាចំណុចផ្តោតសំខាន់នៃការរុលទៅមុខរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន បានធ្វើឱ្យខូចខាតផ្នែកមួយចំនួននៃទីក្រុង និងបានក្លាយជាសមរភូមិដ៏បង្ហូរឈាមបំផុតចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមការលុកលុយនៅថ្ងៃទី ២៤ខែកុម្ភៈ។
ភាគីអ៊ុយក្រែនសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ព័ត៌មានអំពីការឡោមព័ទ្ធបិទរោងចក្រ អាហ្សូត គឺជាការភូតកុហក។ កងកម្លាំងរបស់អ៊ុយក្រែន កំពុងកាន់កាប់តំបន់ឧស្សាហកម្មនេះ ហើយកំពុងតែប្រយុទ្ធជាមួយទ័ពរុស្ស៊ីផងដែរ។ មនុស្សប្រហែល ៨០០នាក់កំពុងលាក់ខ្លួននៅក្នុងរូងក្រោមដី ក្រោមរោងចក្រ អាហ្សូត រួមមានកម្មករប្រហែល២០០នាក់ និងអ្នកស្រុក៦០០នាក់។
នៅក្នុងសុន្ទរកថាវីដេអូខ្លីមួយកាលពីល្ងាចថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថាខណៈពេលដែលការប្រយុទ្ធគ្នាតាមផ្លូវដ៏សាហាវនៅតែបន្តនៅក្នុងក្រុង សៀវវីរ៉ូដូណេក យោធាអ៊ុយក្រែនកំពុងរំដោះទឹកដីបន្តិចម្តងៗបន្ថែមទៀតនៅភាគខាងលិចក្នុងតំបន់ ឃឺសុន(Kherson) ហើយក៏បានទទួលជោគជ័យមួយចំនួនរួចផងដែរ។
គួររំឭកថា អ៊ុយក្រែនបានអំពាវនាវឱ្យមានការបញ្ជូនអាវុធធុនធ្ងន់ពីលោកខាងលិចឱ្យបានលឿន ដើម្បីបង្វែរស្ថានការណ៍នៃសង្គ្រាម ដោយបានអះអាងថា កងកម្លាំងរុស្ស៊ីមានអាវុធកាំភ្លើងធំយ៉ាងហោចណាស់ ខ្លាំងជាង១០ដងនៃអ្វីដែលអ៊ុយក្រែន។
ស្រពេលសង្គ្រាមកាន់តែក្ដៅ លទ្ធផលនៃសំណើរបស់អ៊ុយក្រែនសុំចូលរួមជាសមាជិកសហភាពអឺរ៉ុបនឹងបង្ហាញអាចឡើងសប្ដាហ៍នេះហើយ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី វ៉ុនឌឺលីយេន បានប្រាប់ប្រធានាធិបតី Volodymyr Zelenskiy ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវថា EU នឹងបញ្ចេញការយល់ឃើញរបស់ខ្លួនជាផ្លូវការ លើសំណើរបស់អ៊ុយក្រែនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុបនៅចុងសប្តាហ៍ក្រោយនេះហើយ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងកៀវលោកស្រី von der Leyen បាននិយាយថា ការពិភាក្សាកាលពីថ្ងៃសៅរ៍ជាមួយលោក Zelenskiy នឹងអាចឱ្យEUបញ្ចប់ការវាយតម្លៃរបស់ខ្លួននៅចុងសប្តាហ៍ក្រោយ អំពីថាតើត្រូវណែនាំអ៊ុយក្រែនជាបេក្ខជនសម្រាប់សមាជិកភាពដែរឬទេ។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាផ្នែកដំបូងដ៏តូចមួយ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះ។ រដ្ឋាភិបាលនៃប្លុកទាំង២៧ប្រទេស នឹងត្រូវយល់ព្រមលើការអនុញ្ញាតឲ្យអ៊ុយក្រែនក្លាយជាបេក្ខភាពសុំចូលជាសមាជិកជាមុនសិន បន្ទាប់ពីនោះនឹងមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយស្តីពីកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ ដែលទាមទារឲ្យអ៊ុយក្រែនផ្លាស់ប្តូរ មុនពេលទីក្រុងកៀវអាចត្រូវបានពិចារណាសម្រាប់សមាជិកភាពជាស្ថាពរ៕