លោក Peter Adrian ប្រធានសភាឧស្សាហកម្មអាល្លឺម៉ង់(DIHK) បានប្រាប់កាសែតក្នុងស្រុករបស់អាល្លឺម៉ង់មួយថា ទិន្នន័យដែលព្យាករដោយសភាពាណិជ្ជកម្មនេះមានន័យថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេនៅអឺរ៉ុបមួយនេះធ្លាក់ចុះទាបជាងមុនអស់២ពាន់ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ៗ។ លោក Adrian បានបន្តថាទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៣-២០២៤ គឺទាបជាងប្រទេសជាច្រើនទៀតក្នុងតំបន់។
វិស័យឧស្សាហកម្មរួមចំណែកដ៏ធំនៅក្នុងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ហើយវិស័យនេះត្រូវបានគេចាត់ទុកថា ជាជន្ទល់ដ៏សំខាន់មួយ ដែលភាគច្រើនគឺពឹងផ្អែកលើវិស័យថាមពល។ បានសេចក្តីថា ក្រុមហ៊ុនអាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការកើនឡើងនៃតម្លៃថាមពល ដែលកាលពីឆ្នាំមុន បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅក្នុងទ្វីបអឺរ៉ុប។
ការសិក្សាមួយរបស់ក្រុមហ៊ុន Allianz Trade បាននិយាយកាលពីខែមុនថា ឧស្សាហកម្មអាល្លឺម៉ង់នឹងចំណាយប្រាក់ប្រហែល ៤០%នៃចំណាយសរុបបន្ថែមទៀត សម្រាប់វិស័យថាមពលនៅឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២១។ នេះក៏ដោយសារតែឥទ្ធិពលសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
គួរជម្រាបដែររថា ប្រទេសអាឡឺម៉ង់ អស់ជាច្រើនទសវត្សរ៍មកនេះ បានពឹងផ្អែកខ្លាំងលើឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដែលមានតំលៃថោក ដើម្បីមកបញ្ឆេះសកម្មភាពរោងចក្រខ្លួន ប៉ុន្តែឥឡូវនេះ តម្លៃឧស្ម័នមានខ្ពស់ ជាពិសេសបើធៀបនឹងសហរដ្ឋអាមេរិក ដែលមានស្តុកឧស្ម័នធម្មជាតិផ្ទាល់ខ្លួន ខណៈដែលប្រទេសបារាំងកំពុងប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ខ្លួន។
បើតាមលោក Adrian ប្រធានសភាឧស្សាហកម្មអាល្លឺម៉ង់ តម្លៃហ្គាសក្នុងប្រទេសខ្លួន គឺខ្ពស់ជាងនៅសហរដ្ឋអាមេរិកប្រហែល ៣ ទៅ ៥ ដង ហើយតម្លៃអគ្គិសនីថ្លៃជាងនៅប្រទេសបារាំង ៤ ដងឯណោះ៕