ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន

សម្ដេច ហ៊ុន សែន៖ ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែនកំពុងក្លាយជាឧបសគ្គដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា


ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការងើបឡើងវិញនូវសង្គមនិងសេដ្ឋកិច្ច របស់ពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភចំពោះការងើបឡើងវិញ នូវសកម្មភាពសង្គម និងសេដ្ឋកិច្ច បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជា បានរងគ្រោះ អស់រយៈពេលជាង ២ឆ្នាំដោយសារតែវិបត្តិកូវីដ១៩ នាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២

សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ស្រប​ពេល​នឹង​ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា បាន​ធូរស្បើយ ពិសេស​កម្ពុជា បាន​ដំណើរការ​នូវ​សង្គម​និង​សេដ្ឋកិច្ច​ពេញលេញ​ឡើង​វិញ​យ៉ាងណា​ក្ដី ប៉ុន្ដែ​ឥទ្ធិពល​វិបត្តិ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន កំពុង​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​ទាំងមូល ពិសេស​អាច​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ជួប​នូវ​វិបត្តិ​ស្បៀងអាហារ​នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង​។

ការ​បង្ហាញ​នូវ​ក្ដី​ព្រួយបារម្ភ​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បែប​នេះ បាន​ធ្វើ​ឡើង​នា​ឱកាស​សម្ដេច​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​។

សម្ដេច តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ដំណើរការ​បើក​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ កម្ពុជា​កំពុង​សម្លឹង​ឆ្ពោះទៅ​រក​អនាគត​សេដ្ឋកិច្ច ដែល​អាច​មាន​កំណើន​លើស​ពី​៥% ជាមួយនឹង​អតិផរណា អាច​គ្រប់គ្រង​បាន និង​ប្រាក់​ចំណូល​រដ្ឋ​ក៏​ទទួល​បាន​កាន់តែ​ខ្ពស់ ដោយនៅ​រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២២ កម្ពុជា​សម្រេច​បាន​៥៣%​នៃ​ផែនការ​ចំណូល​ពន្ធដារ​ផ្ទៃក្នុង​។

បើ​ទោះជា​បែប​នេះ​ក្ដី សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ពិភពលោក​ដែល​កំពុង​កើត​មាន នា​ពេល​បច្ចុប្បន្ន គឺ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ដែល​កំពុង​បង្ក​នូវ​ហានិភ័យ​ខ្លាំង ចំពោះ​សេដ្ឋកិច្ច​ពិភពលោក ហើយ​បញ្ហា​នេះ​អាច​នឹង​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំង ដល់​ពិភពលោក រួម​ទាំង​កម្ពុជា ពិសេស​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​សាកល និង​សេដ្ឋកិច្ច​កម្ពុជា ផង​ដែរ​។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ បាន​គូសបញ្ជាក់​ថា ការ​អូស​បន្លាយ​នៃ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ពិតជា​ជះ​ឥទ្ធិ​ដល់​ការ​ងើប​ការ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ព​ពិភពលោក រួម​ទាំង​កម្ពុជា ផង​ដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​បន្ត​ថា សព្វថ្ងៃ បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​និង​កំពុង​ជូ​ប​បញ្ហា​ស្រាប់​ទៅ​ហើយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នោះ ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដូច​ជា បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ និង​រាំងស្ទះ​ដល់​វិស័យ​ជា​ច្រើន នៅ​តាម​បណ្ដា​ប្រទេស​លើ​ពិភពលោក រួម​ទាំង ប្រទេស​នៅ​តំបន់​អាស៊ាន ផង​ដែរ​។

បើ​តាម​លោក​បណ្ឌិត ហុង វណ្ណៈ វិបត្តិ​នៃ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​តម្លៃ​វត្ថុធាតុដើម​កើន​ខ្ពស់​មិន​ធ្លាប់​មាន​ស្ទើរ​គ្រប់​វិស័យ ពិសេស​វត្ថុធាតុដើម​ក្នុង​វិស័យ​កសិកម្ម​។ ជាមួយ​គ្នា​នោះ បញ្ហា​តម្លៃ​ស្បៀងអាហារ​ឡើងថ្លៃ ក៏​កំពុង​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​បន្ថែម​ទៀត​ដល់​ពិភពលោក ផង​ដែរ​។

ដ្បិតថា សេដ្ឋកិច្ច​កម្ពុជា នា​ពេល​បច្ចុប្បន្ន បាន​និង​កំពុង​រង​ឥទ្ធិពល​បន្ថែម​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដូច​ជា បញ្ហា​ប្រេងសាំង​ឡើងថ្លៃ និង​ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ត្រូវ​កកស្ទះ ដោយសារ​តែ​វិ​បិត្ត​កូ​វី​ដ​១៩ ក៏​ដោយ​ចុះ តែ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០២២​នេះ ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ប្រមូល​ចំណូល​ពន្ធ​របស់​កម្ពុជា ទាំង​ពន្ធគយ និង​ពន្ធដារ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ សម្រេច​បាន​ដល់​ទៅ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ ចំណូល​ដែល​ប្រមូល​បាន​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ ស្មើនឹង​ជិត​៤៥% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ កើន​ជាង​២២%​។

រីឯ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​វិញ ប្រមូល​ចំណូល​បាន​ប្រមាណ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ជាង​២៣%​នៃ​ផែនការ បាន​ថយ​ចុះ ២,៥% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១​។ នេះ​បើ​តាម​របាយការណ៍​ពីរ​ផ្សេង​គ្នា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

None



អត្ថបទបន្ទាប់


ផ្សារអ៊ីអនគ្រោងពង្រីកសាខា១៦កន្លែងបន្ថែមទៀត នៅទូទាំងប្រទេសវៀតណាមនៅត្រឹមឆ្នាំ២០២៥

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុនអ៊ីអនម៉ល ចង់វិនិយោគគម្រោងផ្សារទំនើប ៣ ទៅ ៤ គម្រោងបន្ថែមទៀតនៅរដ្ឋធានីហានូយ ប្រទេសវៀតណាមត្រឹមដំណាច់ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈភាគីចិនរង់ចាំចម្លើយពីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជំរុញណែនាំឲ្យក្រសួងក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ្បិតថាភាគីចិនកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ