លោក Guterres បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះថា វាជារឿងអសីលធម៌សម្រាប់ក្រុមហ៊ុនប្រេង និងឧស្ម័នដែលបានឆ្លៀតឱកាសរកប្រាក់ចំណេញក្នុងអំឡុងពេលមានវិបត្តិថាមពលនេះ ដោយការកេងចំណេញនៅលើខ្នងប្រជាជន និងសហគមន៍ក្រីក្របំផុតស្របពេលមានការចំណាយប្រាក់យ៉ាងច្រើនចំពោះអាកាសធាតុ។
ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចំនួនពីរគឺក្រុមហ៊ុន Exxon Mobil Corp និងក្រុមហ៊ុន Chevron Corp បូករួមទាំងក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំងរកប្រាក់ចំណូលបានសរុបបញ្ចូលគ្នាទៅគឺមានដល់ទៅជិត ៥១ ពាន់លានដុល្លារ ក្នុងត្រីមាសចុងក្រោយនេះ ដែលស្ទើរតែកើនឡើងទ្វេដងនូវប្រាក់ចំណូលដែលក្រុមហ៊ុនទាំងនេះរកបានសម្រាប់រយៈពេលមួយឆ្នាំមុន។
លោក Guterres បានជំរុញឱ្យរដ្ឋាភិបាលទាំងអស់ក្នុងពិភពលោកយកពន្ធលើប្រាក់ចំណេញដ៏ច្រើនលើសលប់ទាំងនេះ ហើយប្រើប្រាស់មូលនិធិទាំងនោះ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតតាមរយៈពេលវេលាដ៏លំបាកសព្វថ្ងៃនេះ។
អគ្គលេខាធិការរូបនេះបាននិយាយទៀតថា ហើយលោកក៏សូមជំរុញឱ្យមនុស្សនៅគ្រប់ទីកន្លែងផ្ញើសារច្បាស់លាស់ទៅកាន់ឧស្សាហកម្មឥន្ធនៈហ្វូស៊ីល និងអ្នកផ្តល់ហិរញ្ញប្បទានរបស់ក្រុមហ៊ុនទាំងនេះថា ការលោភលន់ដ៏អាក្រក់នេះ កំពុងតែដាក់ទណ្ឌកម្មលើប្រជាជនក្រីក្របំផុត និងងាយរងគ្រោះបំផុត។
ក្រុមអ្នកនយោបាយ និងអ្នកតស៊ូមតិអំពីទំនិញប្រើប្រាស់បានរិះគន់ក្រុមហ៊ុនប្រេងចំពោះការកេងចំណេញលើស្ថានភាពខ្វះខាតការផ្គត់ផ្គង់ជាសាកល ដើម្បីបង្កើនប្រាក់ចំណេញ និងជញ្ជក់ឈាមពីអ្នកប្រើប្រាស់។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីខែមិថុនាថា ក្រុមហ៊ុន Exxon និងក្រុមហ៊ុនផ្សេងទៀតកំពុងរកលុយបានច្រើនជាងនរណាៗទាំងអស់ នៅពេលដែលតម្លៃប្រេងឥន្ធនៈសម្រាប់អតិថិជនបានកើនឡើងដល់កម្រិតមួយខ្ពស់បំផុត។
កាលពីខែមុនចក្រភពអង់គ្លេសបានអនុម័តយកពន្ធលើប្រាក់ចំណេញភ្លាមៗចំនួន ២៥ ភាគរយទៅលើក្រុមហ៊ុនផលិតប្រេង និងឧស្ម័ននៅក្នុងតំបន់សមុទ្រខាងជើង (North Sea) ហើយ សមាជិកសភាអាមេរិកបានពិភាក្សាអំពីផែនការស្រដៀងគ្នានេះផងដែរ បើទោះបីជាវាប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងសភាក៏ដោយ។
លោក Guterres បាននិយាយថា សង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការបំផ្លិចបំផ្លាញនៃអាកាសធាតុកំពុងតែបង្កឱ្យមានវិបត្តិអាហារ ថាមពល និងហិរញ្ញវត្ថុសកល។
លោកបានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលកំពុងផុងជើងជាប់គ្នាក្នុងបំណុលដោយគ្មានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ នោះអាចឈានដល់កម្រិតមួយជិតគ្រោះថ្នាក់ហើយ ហើយអង្គការសហប្រជាជាតិកំពុងឃើញសញ្ញាព្រមានពីរលកនៃភាពចលាចលផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយដែលនឹងធ្វើឱ្យប្រទេសណាមួយមិនអាចគេចផុតបានឡើយ៕
អត្ថបទ៖ សុខ ជា