កិច្ចពិភាក្សានេះ ធ្វើឡើងនៅក្រោយពេលដែលពិភពលោកកំពុងមានក្ដីបារម្ភកាន់តែខ្លាំងពាក់ព័ន្ធនឹងវិបត្តិស្បៀងអាហារពិភពលោក នៅក្រោយពេលដែលមានការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដ្បិតថាការនាំចេញរបស់រុស្ស៊ីកំពុងរងសម្ពាធកាន់តែខ្លាំង ដោយសារតែទណ្ឌកម្មនានាពីសំណាក់លោកខាងលិច។
លោក Dujarric បាននិយាយថា មន្ត្រីអង្គការសហប្រជាជាតិលោកស្រី រ៉េបិកកា គ្រីនស្ប៉េន (Rebecca Grynspan) ឥឡូវនេះកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាលើបញ្ហាដូចគ្នា "ជាមួយគោលបំណងសំខាន់នៃការដោះស្រាយអសន្តិសុខស្បៀងអាហារពិភពលោកដែលកំពុងតែកើនឡើងសព្វថ្ងៃនេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហប្រជាជាតិគឺលោកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមផ្តល់ "លិខិតលួងលោម" មួយចំនួនដល់ក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រង ដើម្បីជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។
លោកស្រីបានកត់សម្គាល់ថា គ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្សីមិនត្រូវបានដាក់ទណ្ឌកម្មដោយផ្ទាល់ពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថា "ក្រុមហ៊ុនមានការភ័យខ្លាចបន្តិច ហើយអាមេរិកបានរៀបចំផ្តល់លិខិតលួងលោមដល់ពួកគេ ប្រសិនបើវា នឹងជួយលើកទឹកចិត្តដល់ពួកគេមែនក្នុងការនាំចេញជីកសិកម្មពីរុស្ស៊ី។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងកៀវកាលពីខែមុននោះកំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យមាននូវអ្វីដែលលោកហៅថាជា"កិច្ចព្រមព្រៀងជាកញ្ចប់"ដើម្បីបន្តការនាំចេញស្បៀងអាហារពីអ៊ុយក្រែន និងការនាំចេញអាហារ និងជីពីរុស្ស៊ីឡើងវិញ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបញ្ឆេះវិបត្តិស្បៀងអាហារពិភពលោក ដោយធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃខ្ពស់ជាបន្ដបន្ទាប់។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានក្នុងចំនួនជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីជាសកល ខណៈដែលរុស្ស៊ីជាប្រទេសនាំចេញជីកសិកម្មដ៏សំខាន់មួយ រីឯអ៊ុយក្រែនគឺជាប្រទេសនាំចេញដ៏សំខាន់នូវគ្រាប់ពោត និងប្រេងផ្កាឈូករ័ត្ន។
ចាប់តាំងពីរុស្ស៊ីបានឈ្លានពានទៅលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនបានជាប់គាំង ហើយគ្រាប់ធញ្ញជាតិជាង ២០លានតោនត្រូវបានជាប់គាំងនៅក្នុងឃ្លាំង ចំណែកទីក្រុងម៉ូស្គូនិយាយថាឥទ្ធិពលដ៏ត្រជាក់នៃទណ្ឌកម្មរបស់បស្ចិមលោកដែលដាក់លើរុស្ស៊ីជុំវិញសង្គ្រាមនេះបានរំខានដល់ការនាំចេញជី និងគ្រាប់ធញ្ញជាតិរបស់ខ្លួនផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិដោយគ្មានរួញរា ពីកំពង់ផែអ៊ុយក្រែននៅក្នុងការសម្របសម្រួលជាមួយប្រទេសតួកគី។ នេះបើតាមព័ត៌មានពីកិច្ចពិភាក្សានៅវិមានក្រឹមឡាំងជាមួយប្រធានាធិបតីតួកគីលោក តាយីប អេដូហ្កាន (Tayyip Erdogan)។ ប៉ុន្ដែ ខាងភាគីរុស្ស៊ី ក៏មានលក្ខខណ្ឌតម្រូវឲ្យលោកខាងលិចដកទណ្ឌកម្មរបស់ពូកគេចេញពីរុស្ស៊ីផងដែរ៕
អត្ថបទ៖ សុខ ជា