ថ្លែងក្នុងសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអះអាងថា ចំណាត់ការទាំងនេះមិនអាចនាំទៅរកការពង្រឹងសិទ្ធិនយោបាយនិងលំហប្រជាធិបតេយ្យបានទេ។
លោកស្រី រ៉ូណា ស្ម៊ីត បាននិយាយដូច្នេះថា៖ «ចាប់តាំងពីបេសកកម្មលើកមុនរបស់ខ្ញុំ ខ្ញុំបានឃើញការវិវឌ្ឍជាក់ស្តែងមួយចំនួននៅក្នុងការប្រើប្រាស់សិទ្ធិនយោបាយ។ ខ្ញុំនៅតែមានការបារម្ភចំពោះការដាក់សម្ពាធទៅលើសមាជិករបស់គណបក្សសង្រ្គោះជាតិដែលបានត្រូវរំលាយ នៅតែកើតឡើងជាបន្តបន្ទាប់។»
ទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត មានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដោយរួមមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងសង្គមស៊ីវិលផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី រ៉ូណា ស្ម៊ីត ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាផ្តល់លំហបន្ថែមទៀតសម្រាប់សេរីភាពសារព័ត៌មានទាំងអស់ និងស្នើឲ្យមានការទម្លាក់ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពីរនាក់ គឺលោក យាង សុធារិន និងសហការីរបស់លោក គឺ លោក អ៊ួន ឈិន ផងដែរ។
យោងតាមលោកស្រី រ៉ូណា ស្ម៊ីត យ៉ាងហោចណាស់ មានការផ្តន្ទាទោសចំនួន៦ ដោយតុលាការ ចាប់តាំងពីបេសកកម្មចុងក្រោយរបស់លោកស្រី ដែលធ្វើឡើងប្រឆាំងនឹងសមាជិកនិងអ្នកគាំទ្រមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោកស្រីបានបន្តថា លោកស្រីក៏បានដឹងដែរពីចំណាត់ការនានា ប្រឆាំងនឹងអតីតសមាជិកនិងមន្រ្តីជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ ចំនួន ៨០នាក់ រួមទាំងដីកាកោះហៅចំនួន ២៥ ដែលចេញដោយតុលាការខេត្តបាត់ដំបង នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកស្រី រ៉ូណា ស្ម៊ីត បានបន្តថា លោកស្រីមានការព្រួយបារម្ភពីសុខភាពរបស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលស្ថិតក្នុងការឃុំឃាំង ហើយក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការដោះលែងលោក កឹម សុខា ចេញពីការឃុំខ្លួន និងពន្លឿនការបិទស៊ើបអង្កេត ឬទម្លាក់ការចោទប្រកាន់មកលើរូបគាត់។
លោកស្រី រ៉ូណា ស្ម៊ីត បាននិយាយដូច្នេះថា ៖ «ខ្ញុំត្រូវបានបដិសេធ ជំនួបជាមួយគាត់ជាថ្មីម្តងទៀត ហើយខ្ញុំក៏មានការសោកស្តាយផងដែរ ដែលចៅក្រមស៊ើបសួរមិនអាចជួបជាមួយខ្ញុំបាន។»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការវាយតម្លៃរបស់លោកស្រី រ៉ូណា ស្ម៊ីត លើកនេះ មានភាពវិជ្ជមានច្រើនជាងមុន ហើយចំណុចផ្សេងទៀតដែលគាត់បានលើកឡើងគ្រាន់តែជាការព្រួយបារម្ភប៉ុណ្ណោះ។
លោក សុខ ឥសាន បាននិយាយថា រឿងដីកាកោះហៅសម្រាប់សមាជិកគណបក្សសង្រ្គោះជាតិមួយចំនួន ដោយតុលាការ វាជារឿងធម្មតារផ្លូវច្បាប់ដែលគ្មានអ្នកណាផ្សេងអាចជួយបាននោះទេ។
លោក សុខ ឥសាន បាននិយាយដូច្នេះ ថា៖ «បើសិនជាគាត់អត់មានពិរុទ្ធភាព អាហ្នឹងវាអត់មានទោសអីទេ គេឲ្យមកផ្ទះវិញទេតើ។ បើសិនណាជាសកម្មជនអតីតបក្សប្រឆាំង គឺថាអត់មានធ្វើសកម្មភាពអី ដែលជាពិរុទ្ធភាពពាក់ព័ន្ធនឹងសាលដីការបស់តុលាការកំពូល អាហ្នឹងវាអត់មានបញ្ហាអីទេ»៕