អ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ស្វែងរកដំណោះស្រាយថ្មីនៅឯអង្គការសហប្រជាជាតិ ដែលក្នុងនោះមានសមាជិក ១៤១ ប្រទេសនៃសមាជិកសរុប ១៩៣ បានបោះឆ្នោតគាំទ្រឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន ខណៈប្រទេស ៧ បានបោះឆ្នោតជំទាស់ និង ៣២ប្រទេសផ្សេងទៀតរួមទាំងចិន និង ឥណ្ឌា បានបោះឆ្នោតអនុប្បវាទ។ ក្នុងចំណោមប្រទេសបោះឆ្នោតគាំទ្រឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន ក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។
បើគេប្រៀបធៀបពីចំនួនអ្នកគាំទ្រនៅពេលនេះ ទៅនឹងចំនួនការឆ្នោតគាំទ្រកាលពីខែតុលាឆ្នាំ២០២២ អំឡុងពេលដែល UN ថ្កោលទោសរុស្ស៊ីដាក់បញ្ចូលតំបន់ដុនបាសជារបស់ខ្លួន គឺមានភាពខុសគ្នាតែ ២សម្លេងប៉ុណ្ណោះ ខណៈពេលនោះ អ៊ុយក្រែនមានការគាំទ្រ ១៤៣ ប្រទេស។
ទោះយ៉ាងណាការបោះឆ្នោតគាំទ្រលើដំណោះស្រាយនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយបង្ហាញច្បាស់ថាពិភពលោក បដិសេធរាល់ការទាមទាររបស់រុស្ស៊ី ចំពោះផ្នែកណាមួយក៏ដោយនៃទឹកដីអ៊ុយក្រែនដែលទីក្រុងម៉ូស្គូបានកាន់កាប់។
ក្រៅពីការបោះឆ្នោតរបស់ UN បានទាមទារឱ្យរុស្ស៊ីដកកងកម្លាំងយោធាទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែន។ ក្រុងម៉ូស្គូត្រូវដកទ័ពមកត្រឹមព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ។
គួរជម្រាបថា ការបោះឆ្នោតរបស់UN បានបង្ហាញថាទីក្រុងមូស្គូបន្តឯកោដដែលនៅលើឆាកអន្តរជាតិ ក្រៅតែពីប្រទេសសម្ព័ន្ធមិត្តប៉ុន្មាននាក់ បន្ទាប់ពីសង្គ្រាមអូសបន្លាយពេញមួយឆ្នាំមកនេះ។ ថ្វីបើមានការគាំទ្រពីប្រទេសមួយចំនួនធំលើការបោះឆ្នោតរបស់UNក៏ពិតមែន តែរុស្ស៊ីបានប្រើអំណាចវេតូរបស់ខ្លួន ដើម្បីរារាំងរាល់សកម្មភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដដែល។
គួរកត់សម្គាល់ថា ការបោះឆ្នោតចុងក្រោយរបស់ UN បានបង្ហាញថា ឥណ្ឌា និងចិន មិនបានងាកទៅរកការថ្កោលទោស ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ដដែល ទោះបីជាអ្នកទាំងពីរបានរិះគន់ការគំរាមកំហែងរបស់ទីក្រុងម៉ូស្គូ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ កាលពីពេលថ្មីៗនេះក៏ដោយ។
បើទោះបីជាក្នុងផ្លូវការទូតអ៊ុយក្រែនបានទទួលការគាំទ្រក៏ពិតមែន តែនៅឯសមរភូមិជួរមុខវិញ ការវាយប្រហារគ្នានៅតែបន្តស្រួចស្រាលខ្លាំងជាងមុនទៅទៀត ស្របពេលដែលកងកម្លាំងអ៊ុយក្រែនបានប្រាប់សារព័ត៌មានរ៉យទ័រឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ២៤ នេះថា កងទ័ពរបស់ខ្លួនបានធ្វើការទប់ទល់នឹងការវាយប្រហារថ្មីរបស់កងទ័ពរុស្ស៊ីនៅសមរភូមិ Bakhmut ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មន្ត្រីយោធារបស់ខ្លួនឱ្យត្រួតពិនិត្យមើលឃ្លាំងអាវុធនុយក្លេអ៊ែរ។
បន្ទាប់ពីសុន្ទរកថាជាបន្តបន្ទាប់ក្នុងឱកាសខួបមួយឆ្នាំ នូវអ្វីដែលក្រុងម៉ូស្គូហៅថាប្រតិបត្តិការយោធាពិសេស លោកពូទីនបានប្រកាសពីផែនការក្នុងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប Sarmat នៅក្នុងឆ្នាំនេះ។ មួយវិញទៀត កាលពីដើមសប្តាហ៍នេះ បុរសខ្លាំងលោក ពូទីន បានផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិកផងដែរ៕