ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា អំឡុងជំនួបមួយជាមួយលោកស្រី អួស៊ូឡា វ៉ុនឌើ ឡេយ៉េន (Ursula von der Leyen) កាលពីខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្រាប់ទៅលោកស្រីថា ក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមប្រើល្បិចដាក់នុយបញ្ឆោតឱ្យក្រុងប៉េកាំង បើកការវាយប្រហារទៅលើកោះតៃវ៉ាន់ ប៉ុន្តែលោកនឹងមិនស៊ីនុយនេះឡើយ ហើយលោកក៏បានព្រមានទៅក្រុមមន្ត្រីរបស់លោក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
សូមបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏រសើប និងស្មុគស្មាញពិបាកដោះស្រាយបំផុតក្នុងទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។
ទាក់ទិនបញ្ហានេះ អ្នកសិក្សា និងមន្ត្រីយោធាចូលនិវត្តន៍មួយចំនួនរបស់មហាយក្សចិន បានអះអាងថា ក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធ្វើឱ្យក្រុងប៉េកាំង ខឹងឆេះដុំតាមរយៈការផ្តល់សព្វាវុធដល់កោះតៃវ៉ាន់ និងជំរុញវិធានការផ្សេងៗទៀត ធ្វើយ៉ាងណាបញ្ឆោតឱ្យមហាយក្សចិនឈានទៅដល់ការប្រឈមមុខដាក់គ្នាផ្នែកយោធា។
ថ្លែងនៅឯស្ថាប័នអង្គការ Asia Society កាលពីខែមករា ដើមឆ្នាំ២០២៤ លោក ឃួយ ធានខៃ (Cui Tiankai) អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយបញ្ឆិតបញ្ឆៀងដោយមិនបញ្ចេញចំឈ្មោះសហរដ្ឋអាម៉េរិកថា ប្រទេសចិន នឹងមិនធ្លាក់ចូលក្នុងអន្ទាក់ដែលនរណាម្នាក់កំពុងរៀបចំជាដាច់ខាត។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក ស៊ី ជីនភីង ក៏បានលើកឡើងដែរថា សង្គ្រាមណាមួយជាមួយសហរដ្ឋអាម៉េរិក នឹងបំផ្លាញសមិទ្ធិផលជាច្រើនរបស់មហាយក្សចិន និងបំផ្លាញគោលដៅរបស់លោកក្នុងការសម្រេចមហិច្ឆតាប្រែក្លាយប្រទេសចិន ទៅជាមហាប្រទេសដ៏អស្ចារ្យលើភពផែនដីនៅត្រឹមឆ្នាំ២០៤៩៕
ដោយ: តែម សុខុម