ទន្ទឹមនឹងការលើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជារូបនេះ ក៏មើលឃើញពីចំណុចខ្វះខាតមួយចំនួន ក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស ពិសេសក្រុមហ៊ុនមកពីអាមេរិកផងដែរ ដែលប្រការហើយនេះទាមទារឲ្យកម្ពុជា និង សហរដ្ឋអាមេរិក ត្រូវរួមគ្នាដោះស្រាយជាបន្តផងដែរ។
ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិនពីបរទេសនេះ អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជាអ្នកឧកញ៉ា សៀ ឫទ្ធី បានផ្តល់ជាយោបល់ថា អ្នកជំនួញ ឬក្រុមហ៊ុនរកស៊ីក្នុងស្រុកត្រូវពង្រឹងសមត្ថភាព និងធានាពីភាពស្របច្បាប់ បើចង់ទាក់ទាញវិនិយោគិន ឬក្រុមហ៊ុនបរទេសឲ្យមកបោះទុនរកស៊ីជាមួយខ្លួន។ ព័ត៌មានលម្អិតសូមតាមដានរសេចក្តីរាយការណ៍ពីក្រុមការងារខេមបូណូមីសរបស់យើងដូចតទៅ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងពិធីប្រកាសជាផ្លូវការពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនវើលប្រ៊ីដ ស៊ីឃ្យូរ ឡូជីស្ទីក ជាមួយក្រុមហ៊ុន ប្រ៊ីង មកពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកសរសើរពីចំណុចសក្តានុពល និងបរិកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម កត់សម្គាល់ឃើញថា កម្ពុជាជាប្រទេសមួយនៅក្នុងតំបន់ដែលមានបរិយាកាសវិនិយោគល្អប្រសើរ ដែលអាចទាក់ទាញវិនិយោគិនបរទេស ជាពិសេសវិនិយោគិននៅសហរដ្ឋអាមេរិក ឲ្យមកបោះទុនរកស៊ីយ៉ាងច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ ក៏នៅតែសង្កេតឃើញពីចំណុចខ្វះខាតរបស់ប្រទេសកម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស ពិសេសក្រុមហ៊ុនមកពីអាមេរិក ដែលកម្ពុជា និង សហរដ្ឋអាមេរិក ត្រូវរួមគ្នាដោះស្រាយបន្តផងដែរ។
លើសពីនេះឯកឧត្តម Patrick Murphy ក៏បានលើកឡើងពីប្រវត្តិទំនាក់ទំនងល្អ និងមិនល្អរវាងប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានឆ្លងកាត់កន្លងមកផងដែរ។ តែយ៉ាងណា ឯកឧត្តម បានប្តេជ្ញាចិត្តថា ឯកឧត្តមនឹងខិតខំឲ្យអស់ពីសមត្ថភាពសហការជាមួយប្រទេសកម្ពុជា ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
នៅក្នុងពិធីប្រកាសជាផ្លូវការពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនវើលប្រ៊ីដ ស៊ីឃ្យូរ ឡូជីស្ទីក ជាមួយក្រុមហ៊ុន ប្រ៊ីង មកពីសហរដ្ឋអាមេរិកនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប ក៏បានចែករំលែកបទពិសោធន៍ និងគំនិតយោបល់មួយចំនួនក្នុងការទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគនៅកម្ពុជា។
អ្នកជំនួញពហុជំនាញរូបនេះ អះអាងថា ដើម្បីអាចទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគនៅកម្ពុជាបាន ទាល់តែអ្នកវិនិយោគ ឬ ក្រុមហ៊ុនរកស៊ីក្នុងស្រុក មានរចនាសម្ព័ន្ធគ្រប់គ្រងបានល្អទាំងធនធានមនុស្ស និង ហិរញ្ញវត្ថុ ជាពិសេសត្រូវមានភាពស្របច្បាប់តែម្តង។
គួររំលឹកថា ក្រុមហ៊ុន WorldBrigde Secure Logistics របស់អ្នកឧកញ៉ា សៀ ឬទ្ធី បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនមកពីអាមេរិក Brinks ដែលមានបទពិសោធន៍ជាង១០០ឆ្នាំលើវិស័យដឹកជញ្ជូន ដើម្បីពង្រីកការដឹកជញ្ជូនទំនិញ និងរបស់មានតម្លៃនៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះក្រុមហ៊ុនទាំងពីរ ក៏បានប្រកាសពីឈ្មោះក្រុមហ៊ុនថ្មីរួមគ្នា ដែលមានឈ្មោះថា ប្រ៊ីង វើលប្រ៊ីដ ស៊ីឃ្យូរ ឡូជីស្ទីក ឯ.ក (Brinks WorldBridge Secure Logistics Co., Ltd)ផងដែរ៕