ក្រសួងថាមពលរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ខ្លួនទើបតែបានទិញចូលប្រេងចំនួន៣លានបារ៉ែលក្នុងតម្លៃជាមធ្យមជាង៧៧ដុល្លារក្នុងមួយបារ៉ែល ពោលគឺក្រោមតម្លៃជាមធ្យម៩៥ដុល្លារក្នុងមួយបារ៉ែល ដែលបានលក់ចេញក្នុងឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗ។
រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងឆ្នាំ២០២២ កន្លងទៅបានលក់ចេញប្រេងក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅ១៨០លានបារ៉ែល ដើម្បីជួយគ្រប់គ្រងតម្លៃប្រេងក្នុងទីផ្សារពិភពលោក បន្ទាប់ពីមហាអំណាចរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំមួយបានបើកប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រហូតមកទល់ពេលនេះសហរដ្ឋអាម៉េរិក បានទិញចូលប្រេងប្រមាណ១៤លានបារ៉ែលសម្រាប់ការបំពេញស្តុកបម្រុងឡើងវិញ បន្ទាប់ពីបានលក់ចេញយ៉ាងច្រើនសម្បើមកាលពីឆ្នាំមុន។ យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (U.S. Energy Information Administration) នៅក្នុងឆ្នាំ២០២២ សហរដ្ឋអាម៉េរិក បានប្រើប្រាស់ប្រេងសរុបអស់រហូតដល់ជាង៧ពាន់៣រយលានបារ៉ែល ឬជាមធ្យមប្រមាណ២០លានបារ៉ែលក្នុងមួយថ្ងៃ។
ទន្ទឹមនេះ ផ្អែកតាមរបាយការណ៍ចុងឆ្នាំ២០២១ ស្ដីពីប្រេងឆៅ និងឧស្ម័នធម្មជាតិបម្រុងនៅក្នុងសហរដ្ឋអាម៉េរិកបានបង្ហាញថា នៅក្នុងឆ្នាំ២០២១ សហរដ្ឋអាម៉េរិក មានប្រេងបម្រុងសរុបចំនួន៤៤ពាន់៤រយលានបារ៉ែល កើនឡើង១៦%បើធៀបនឹងឆ្នាំ២០២០៕
ដោយ: តែម សុខុម