ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានឌីជីថល ខេមបូណូមីស ឧកញ៉ា ស៊ិន ចន្ធី បានបញ្ចាក់ថា នៅខែមិថុនា ពោលគឺនៅពាក់កណ្តាលឆ្នាំ ២០២១ ខាងមុខនេះ នឹងមានក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក Fedex ហោះហើរត្រង់មកកម្ពុជាជាលើកដំបូង ដែលប្រការនេះ លោករំពឹងថាវាគឺជាសញ្ញាដ៏ល្អមួយសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវការអាកាស ខណៈដែលវិស័យនេះ នៅឆ្នាំ២០២០ បានជួបវិបត្តិធ្ងន់ធ្ងរជាងគេ។
ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា ប្រសិនបើគម្រោងនេះ អាចប្រព្រឹត្តទៅតាមការគ្រោងទុកមែននោះ វានឹងក្លាយជាប្រវត្តិរបស់កម្ពុជា ដែលមានក្រុមហ៊ុនអាមេរិកដឹកទំនិញតាមយន្តហោះមកកម្ពុជា។
តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាមេរិកនេះ អ្នកជំនាញលើវិស័យដឹកជញ្ជូន រំពឹងថា វានឹងជួយស្តារវិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ឲ្យមានភាពល្អប្រសើរឡើងវិញនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១៕
របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា នៅឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៧៩% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ ក៏មានការធ្លាក់ចុះ ជាង៣០% ដោយមានការដឹកជញ្ជូនទំនិញត្រឹមតែប្រមាណ៥ម៉ឺនតោនប៉ុណ្ណោះ៕
សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖