ការិយាល័យស្ថិតិការងាររបស់ក្រសួងការងារអាម៉េរិកបាននិយាយកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,៣% កាលពីខែវិច្ឆិកា ដែលជាការកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមេសាមក បន្ទាប់ពីបានកើនឡើង ០,២% សម្រាប់រយៈពេលបួនខែជាប់ៗគ្នា។ នៅក្នុង រយៈពេល១២ខែរហូតដល់ខែវិច្ឆិកា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ២,៧% បន្ទាប់ពីកើនឡើង២.៦%ក្នុងខែតុលា។
តួលេខនៃការកើនឡើងអតិផរណាប្រចាំឆ្នាំនេះបានថយចុះគួរឱ្យកត់សម្គាល់ពីកម្រិតកើនខ្ពស់បំផុតជាង ៩%កាលពីខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែការព្យាយាមរបស់ធនាគារកណ្ដាលអាម៉េរិកក្នុងការកាត់បន្ថយអតិផរណាឱ្យធ្លាក់ចុះមកនៅត្រឹម២% តាមគោលដៅរបស់ខ្លួននោះ គឺស្ទើរតែមិនបានជោគជ័យទៅហើយនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ទោះជាកម្រិតអតិផរណាបានហក់ឡើងកាលពីខែវិច្ឆិកាក៏ដោយ ប៉ុន្តែធនាគារ Fed ឥឡូវនេះនៅតែបន្តផ្តោតលើទីផ្សារការងារកាន់តែខ្លាំងដោយគេរំពឹងថា ការហក់ឡើងនូវអតិផរណានេះនឹងមិនបង្កជាឧបសគ្គដល់ធនាគារនេះក្នុងការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែធ្នូនេះឡើយ។
កាលពីព្រឹកថ្ងៃពុធ ទីផ្សារហិរញ្ញវត្ថុមួយចំនួនបានសន្និដ្ឋានថា លទ្ធភាពប្រហែល៨៦%បានបង្ហាញថា ធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់០.២៥%ថែមទៀតនៅពេលពួកគេនឹងបើកកិច្ចប្រជុំស្ដីពីគោលនយោបាយរូបិយវត្ថុនៅថ្ងៃទី១៧-១៨ ខែធ្នូនៅសប្ដាហ៍ក្រោយនេះ។
លោក Stephen Juneau សេដ្ឋវិទូនៅធនាគារ Bank of America Securities មានប្រសាសន៍ថា «តាមទស្សនៈជាមូលដ្ឋាន យើងមិនឃើញមានហានិភ័យខាងសម្ភារៈដល់អតិផរណាទេ ។ ស្ថានភាពអតិផរណាគួរតែនៅទ្រឹងវិញ នៅឆ្នាំក្រោយ ដោយសារការផ្លាស់ប្តូរដែលរំពឹងទុករបស់យើងចំពោះពន្ធគយ សារពើពន្ធ និងគោលនយោបាយអន្តោប្រវេសន៍»។