របាយការណ៍ស្ទង់មតិ ស្ដីពីបរិយាកាសពាណិជ្ជកម្មនៅប្រទេសចិន ឆ្នាំ២០២៤ ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានបង្ហាញថា ក្នុងចំណោមតំណាងមកពីបណ្ដាក្រុមហ៊ុនអាម៉េរិក ដែលជាអ្នកឆ្លើយសំណួរនៅក្នុងការស្ទង់មតិខាងលើនេះ មានតែ១៣%ប៉ុណ្ណោះ ដែលបានដាក់ចំណាត់ថ្នាក់ប្រទេសចិន ជាគោលដៅវិនិយោគលេខ១របស់ពួកគេ។ តួលេខនេះបានធ្លាក់ចុះ៤% ពីការស្ទង់មតិកាលពីឆ្នាំមុន និងទាបបំផុតក្នុងប្រវត្តិសាស្ត្រនៃការស្ទង់មតិនេះ។
ភាគរយនៃក្រុមហ៊ុនអាម៉េរិក ដែលដាក់ចំណាត់ថ្នាក់ប្រទេសចិន ជាគោលដៅមួយក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង៣របស់ពួកគេ បានធ្លាក់ចុះពី៥៣% កាលពី៤ឆ្នាំមុន មកនៅត្រឹម៣៤% នៅពេលនេះ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លើយសំណួរ ដែលចាត់ទុកប្រទេសចិន ជាគោលដៅអាទិភាពទាបបានកើនឡើង៥% ឈានដល់២៤%។
ភាពតានតឹងទ្វេភាគីកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន គឺជាកង្វល់ធំបំផុតសម្រាប់បណ្ដាក្រុមហ៊ុនអាម៉េរិក។ អ្នកឆ្លើយនៅក្នុងការស្ទង់មតិនេះប្រមាណ២ភាគ៣ បាននិយាយថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម គឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនរបស់ពួកគេក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។
លើសពីនេះទៀត អ្នកឆ្លើយ៤៨% បានស្នើឱ្យរដ្ឋាភិបាលអាម៉េរិក ចាត់វិធានការកាត់បន្ថយពន្ធលើការនាំចូលរបស់ប្រទេសចិន ដើម្បីគាំទ្រដល់បណ្ដាក្រុមហ៊ុនបរទេសដែលរកស៊ីនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ៕
ដោយ: តែម សុខុម