តាមប្រភព័ត៌មានដែលស្នើសុំមិនបញ្ជាក់អត្តសញ្ញាណ បានប្រាប់សារព័ត៌មាន South China Morning Post ថា មេដឹកនាំប្រទេសមហាអំណាចទាំងពីរនេះ គឺ លោក ត្រាំ និងលោក ស៊ី ត្រូវបានគេរំពឹងថា នឹងជួបតទល់មុខគ្នា នៅមុនកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅក្នុងរាជធានីសាន់ត្យាហ្គោ ប្រទេសឈីលី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូង បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២នេះ មានជម្លោះពាណិជ្ជកម្មតានតឹងអូសបន្លាយមកអស់រយៈពេលជាយូរមកហើយ។
ប្រភពពីសេតវិមានអាមេរិក បាននិយាយប្រាប់សារព័ត៌មាន Fox Business កាលពីពេលថ្មីៗនេះថា «ដូចដែលលោកប្រធានាធិបតីដូណាល់ត្រាំ បាននិយាយកាលពីប៉ុន្មានសប្ដាហ៍មុននេះអញ្ចឹង យើងនឹងឈានទៅដល់មានកិច្ចព្រមព្រៀងដំណាក់កាលទី១ជាមួយនឹងប្រទេសចិន ហើយភាគីទាំងពីរ គឺកំពុងធ្វើការបញ្ចប់ចុងក្រោយទៅលើពាក្យពេន៍ខ្លឹមសារដើម្បីចុះហត្ថលេខា នៅឯប្រទេសឈីលី។
ជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៩ តុលានេះថា ផ្នែកសំខាន់ៗនៃពាក្យពេចន៍ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក ត្រូវបានបញ្ចប់ជាមូលដ្ឋានរួចរាល់ហើយ។
កាលពីថ្ងៃចន្ទ ទី ២៨ តុលាកន្លងទៅនេះ លោក ដូណាល់ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ចំណែកធំធេងមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ អាចនឹងត្រូវបានចុះហត្ថលេខា នៅមុនកាលកំណត់ ហើយលោកត្រាំបានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជួយដល់កសិករអាមេរិក។
ប្រទេសចិន នៅថ្ងៃអង្គារទី ២៩ តុលា បានបង្ហាញនូវការអន្ទះសាចង់បំពេញតាមការទាមទាររបស់អាមេរិក នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ពិសេសលើបញ្ហាការលួចបន្លំកម្មសិទ្ធិបញ្ញា ដែលវាជាចំណុចតានតឹងមួយ នៅក្នុងសង្គ្រាមពន្ធគយជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។
ជាមួយគ្នានេះដែរ លោក Geng Shuang មន្ត្រី នាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ដែរថា ដំណើរការនៃកិច្ចចុះចរចាស្រុះស្រួលគ្នា រវាងអាមេរិក និងចិន បានឆ្ពោះទៅមុខដោយនិរន្ដរភាព នៅអំឡុងកិច្ចប្រជុំទី១៣ នាពេលថ្មីៗនេះ ដោយភាគីទាំងពីរ បាននិយាយថា នឹងខិតខំប្រឹងប្រែងរហូតដល់មានកិច្ចព្រមព្រៀងរួមគ្នាមួយ។
លោក Geng បានបន្ថែមទៀតថា ប្រទេសចិន សង្ឃឹមថា ភាគីទាំងពីរ នឹងអាចរកឃើញផ្លូវដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក៕