ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងថ្ងៃគម្រប់មួយឆ្នាំ នៃការឡើងកាន់តំណែង លោក ចូ បៃឌិន បាននិយាយប្រកាសក្ដែងថាអាមេរិកកំពុងរងចាំមើលជំហររបស់ប្រទេសចិនជាមុនសិន ថាចិនអាចសម្រេចបានតាមការព្រមព្រៀងរបស់នៅពេលណា ប៉ុន្តែសម្រាប់អាមេរិក គឺមិនទាន់ដល់ពេលត្រូវដករនាំងពន្ធគយនៅឡើយ។
លោកបៃឌិន និយាយបែបនេះគឺចង់សំដៅដល់ជំហររបស់ក្រុងប៉េកាំង ក្នុងការសម្រេចឲ្យបានជាលទ្ធផលស្របទៅនឹងកិច្ចព្រមព្រៀងដោះស្រាយជម្លោះពាណិជ្ជកម្មដំណាក់កាលទី១ រវាងចិននិងអាមេរិក ដែលត្រូវបានចុះហត្ថលេខាតាំងពីអាណត្តិលោកដូណាល់ ត្រាំមកម្ល៉េះ។
គួរជម្រាបថា ចិនមិនបានអនុវត្តពេញលេញទៅតាមកិច្ចព្រមព្រៀងខាងលើនោះទេ ដែលតម្រូវឲ្យប៉េកាំងបញ្ជាទិញទំនិញប្រមាណ ២០០ពាន់លានដុល្លារបន្ថែមទៀតពីសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០២០ និង២០២១។ ក្នុងនោះគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២១ ចិនសម្រេចតាមកិច្ចព្រមព្រៀង ដោយបញ្ជាទិញទំនិញអាមេរិក បានតែ៦០%នៃផែនការប៉ុណ្ណោះ។កន្លងមក មានក្រុមហ៊ុនអាមេរិកជាច្រើនត្អូញត្អែរពីផលវិបាក ក្នុងទំនាក់ទំនងដោះដូរទំនិញជាមួយក្រុមហ៊ុនចិនដោយសារតែបញ្ហារនាំងពន្ធគយនេះ។ ក្រុមហ៊ុនបានស្នើទៅរដ្ឋបាលក្រុងវ៉ាស៊ីនតោន បច្ចុប្បន្ន ឲ្យទម្លាក់ចោលវិញនូវអត្រាពន្ធគយចំនួន ២៥% ដែលបានដាក់លើទំនិញរបស់ប្រទេសចិន កាលពីជំនាន់លោកដូណាល់ត្រាំនៅជាប្រធានាធិបតី។
ប៉ុន្តែប្រធានាធិបតីអាមេរិក បច្ចុប្បន្ន បន្តបដិសេធម្តងហើយម្តងទៀត ដោយអះអាងថា វាមិនទាន់ដល់ពេលនៅឡើយ គ្រាន់តែបង្ហើបឲ្យដឹងថា តំណាងពាណិជ្ជកម្មរបស់អាមេរិក លោកស្រី ខាត់ធើរិន តៃ កំពុងធ្វើការចរចាដើម្បីរកច្រកចេញសម្រាប់បញ្ហាមួយនេះ។
គួរកត់សម្គាល់ថា ទោះបីជារនាំងពន្ធគយក្នុងការដោះដូរទំនិញរវាងមហាអំណាចទាំងពីរមិនទាន់ត្រូវបានដកចេញវិញក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបន្តកើនឡើងឥតឈប់ឈរ។ ជាក់ស្ដែង នៅពេញមួយឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាមេរិក និងចិនមានទឹកប្រាក់សរុបជាង ៧០០ពាន់លានដុល្លារអាមេរិក កើនឡើងជិត៣០% បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយអាជ្ញាធរគយរបស់ចិន៕