នៅកម្ពុជា ហ្វេសប៊ុក បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ទទួលនិងចែកចាយព័ត៌មានយ៉ាងទូលំទូលាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មនុស្សរាប់លាននាក់ប្រើហ្វេសប៊ុកដើម្បីជាប្រភពព័ត៌មាន ជាពិសេស មនុស្សក្មេងៗ។
នៅថ្ងៃទី១៩ខែមេសា ស្ថានទូតអាមេរិកនៅកម្ពុជា បានបង្ហោះឡើងវិញនូវទិន្នន័យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងទិន្នន័យពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រាប់ឆ្នាំ២០១៧ ដែលបានបង្ហាញឱនភាពពាណិជ្ជកម្មខ្លាំងរវាងកម្ពុជា និងចិន។
យោងតាមទិន្នន័យនោះ កម្ពុជាបាននាំចូលទំនិញពីចិនដែលមានតម្លៃសរុប ៥.២៨៦លានដុល្លារ ក្នុងឆ្នាំ២០១៧ ខណៈដែលកម្ពុជានាំចេញទៅចិនមានតម្លៃតែ ៧៥៣លានដុល្លារតែប៉ុណ្ណោះ។
ចំណែកឯពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកវិញ តួលេខបានបង្ហាញថា កម្ពុជាបាននាំទំនិញចេញទៅអាមេរិកមានតម្លៃ ៣.០៦៦លានដុល្លារ ខណៈដែលខ្លួននាំចូលពីអាមេរិកវិញតែ ៤០០លានដុល្លារតែប៉ុណ្ណោះ។
ស្ថានទូតអាមេរិកបាននិយាយនៅលើហ្វេសប៊ុក យ៉ាងដូច្នេះថា ៖ «ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»
ស្ថានទូតអាមេរិកបាននិយាយថា ប្រទេសកម្ពុជាបានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាពនិងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។
ជាកាយវិការដ៏កម្រ ស្ថានទូតចិននៅកម្ពុជាបានឆ្លើយតបវិញ នៅថ្ងៃសៅរ៍ (២០ មេសា) នេះ តាមហ្វេសប៊ុក ថា ឱនភាពពាណិជ្ជកម្មជារឿងធម្មតាទេ ដែលតែងតែមានហួសពីកម្រិតទ្វេភាគី ហើយបានប្រាប់ឲ្យកម្ពុជាប្រុងប្រយ័ត្នដោយចោទអាមេរិកថា «បង្កបញ្ហា»។
ស្ថានទូតចិនបានទទួលស្គាល់ការពិតផងដែរ ដែលថា កម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភណ្ឌនិងគ្រឿងម៉ាស៊ីនវាយនភណ្ឌយ៉ាងច្រើនពីចិន សម្រាប់បម្រើវិស័យកាត់ដេរនៅកម្ពុជា មុននឹងនាំចេញទៅទីផ្សារអន្តរជាតិ រួមទាំងអាមេរិកនិងសហភាពអឺរ៉ុប ផងដែរ។
ស្ថានទូតចិនបាននិយាយដូច្នេះថា ៖ «ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន ៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣.០០០គីឡូម៉ែត្រ។»
ស្ថានទូតចិនបានបន្តថា «ចុះតើសហរដ្ឋអាមេរិកវិញ ធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?»
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ ក៏បានបញ្ចេញយោបល់របស់លោកផងដែរ អំពីការប៉ះគ្នានេះតាមរយៈហ្វេសប៊ុករវាងស្ថានទូតនៃប្រទេសមហាអំណាចទាំងពីរនេះ។
លោក ខៀវ កាញារីទ្ធ បាននិយាយដូច្នេះថា «ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង។»
លោកបន្តថា «អ្នក«វិភាគ»នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេ ដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច»បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញ តើមានប៉ុន្មាន? យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេស ជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ»៕