សមាជិកសភាអាមេរិក លោក Peter DeFazio ដែលជាប្រធានគណៈកម្មាធិការ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ កាលពីខែមុន បានជំរុញឱ្យមានការពង្រីកការពិនិត្យលើការទិញក្បាលទូររថភ្លើងពីក្រុមហ៊ុនចិន។
តាមរយៈសំណេរក្នុងសំបុត្រមួយរបស់សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យរូបនេះ ដែលបានបញ្ជូនទៅប្រធានរដ្ឋបាលដឹកជញ្ជូនសហព័ន្ធ បង្ហាញឱ្យដឹងថា មានមួយក្នុងចំណោមការគំរាមកំហែងដ៏ធំបំផុតមកលើវិស័យផលិតគ្រឿងដឹកជញ្ជូនរបស់អាមេរិក គឺជាការកើនឡើងនូវការវិនិយោគរវាងក្រុមហ៊ុនអាមេរិក ជាមួយនឹងក្រុមហ៊ុន-សហគ្រាសរដ្ឋរបស់ប្រទេសចិន។
ទន្ទឹមនឹងនេះ លោក DeFazio បានអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងប្រតិបត្តិករផ្លូវដែកអាមេរិក ជាមួយក្រុមហ៊ុនចិន China Railway Rolling Stock Corp (CRRC) ដើម្បីកំណត់ថា តើកិច្ចព្រមព្រៀងនេះប៉ះពាល់ដល់ការផលិតរបស់ក្រុមហ៊ុនអាមេរិកឬអត់ ខណៈដែលក្រុមហ៊ុនចិនមួយនេះ បានឈ្នះកុងត្រាជាច្រើននៅលើទឹកដីអាមេរិក។
ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ សមាជិកសភាអាមេរិក២រូប គឺលោក Mike Gallagher និងលោក John Graramendi ក៏បានអំពាវនាវឱ្យក្រសួងហិរញ្ញវត្ថុអាមេរិក ដាក់បញ្ចូលក្រុមហ៊ុនចិន CRRC នេះ ក្នុងបញ្ជីនៃការគំរាមកំហែងមកលើសេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិកផងដែរ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ មានទំនាក់ទំនងជាមួយនឹងយោធាចិន។ តំណាងរាស្រ្តទាំងពីររូប អះអាងថា ក្រុមហ៊ុនចិន CRRC បានគ្រប់គ្រងផ្លូវដែកសាកលជាង ៨៣% ទៅហើយ។ ក្នុងនោះពួកគេលើកឡើងពីការទន្ទ្រានរបស់ក្រុមហ៊ុនចិននេះ ចូលទីផ្សារអូស្ត្រាលីកាលពី ១០ឆ្នាំមុន ដែលធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកនៃប្រទេសអូស្ត្រាលី ត្រូវក្ស័យធនទាំងអស់។
ក្រៅពីនេះ ក្រុមសមាជិកសភាអាមេរិក ក៏មានការបារម្ភដែរចំពោះក្រុមហ៊ុនរដ្ឋចិនដែលបានទទួលបានដីកាន់តែច្រើន ក្នុងនោះក៏មានដីកសិដ្ឋានមួយកន្លែងនៅជិតមូលដ្ឋានកងទ័ពអាកាសអាមេរិកក្នុងរដ្ឋ North Dakota ទៀតផង ដោយពួកគេបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ត្រូវស៊ើបអង្កេតប្រតិបត្តិការបែបនេះ ដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោកបានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់អំណាចកាន់តែធំដល់គណៈកម្មាធិការវិនិយោគបរទេស ដើម្បីរឹតត្បិតនូវការផ្តល់ទីតាំងដីជិតមូលដ្ឋានយោធា និងទីតាំងសំខាន់ៗផ្សេងៗទៀត។ ប៉ុន្តែការចេញក្រឹត្យនេះ ត្រូវបានជំទាស់ពីក្រុមគណបក្សប្រជាធិបតេយ្យ ហើយត្រូវបានដកចេញវិញក្រោមរដ្ឋបាលលោក ចូ បៃឌិន។
ទោះយ៉ាងណា រដ្ឋបាលលោក ចូ បៃឌិន ទើបតែបានចេញវិធានការគ្រប់គ្រងការនាំចេញ ក្នុងនោះគឺផ្តោតលើការដាក់កំហិតការនាំចេញគ្រឿងបរិក្ខារអាមេរិកទៅឱ្យក្រុមហ៊ុនផលិតឈីបរបស់ចិន ដើម្បីបង្អាក់ និងពន្យឺតដំណើរអភិវឌ្ឍបច្ចេកវិទ្យារបស់មហាយក្សសេដ្ឋកិច្ចទី២ក្នុងពិភពលោកមួយនេះ និងមិនឱ្យបច្ចេកវិទ្យាទំនើបទាំងនោះធ្លាក់ចូលក្នុងដៃយោធាចិនបានឡើយ។ ក្នុងវិធានការនេះដែរ ក៏បានហាមឃាត់ពលរដ្ឋ និងក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើការជាមួយក្រុមហ៊ុនឈីបចិនដាច់ខាត លុះត្រាតែមានការយល់ព្រមជាក់លាក់ណាមួយពីរដ្ឋាភិបាល៕
អត្ថបទ៖ នៅ សំភី