ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយថា ពួកគេបានមកដល់កម្ពុជាហើយ ក៏ប៉ុន្តែលោកមិនដឹងព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
យោងតាមស្ថាប័នអន្តោប្រវេសន៍និងគយអាមេរិក (ICE) តាមរយៈសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ជនជាតិកម្ពុជាចំនួន ៣៥នាក់ក្នុងចំណោមសរុប ៣៧នាក់ ត្រូវបានតុលាការរកឃើញថាមានទោស ហើយត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះពីទីក្រុង Dallas។
ICE បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ជើងហោះហើរបានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ហើយដែលជនជាតិកម្ពុជាទាំងនេះ ត្រូវបានប្រគល់ឱ្យអាជ្ញាធរកម្ពុជារួចហើយ។»
បទល្មើសរបស់អ្នកទាំង៣៧នាក់នេះ រួមមាន ឃាតកម្ម រំលោភសេពសន្ថវៈ ប៉ុនប៉ងឃាតកម្ម រំលោភបំពានលើកុមារ បើកបរក្រោមឥទិ្ធពល លួចទ្រព្យសម្បត្តិ កាន់កាប់កាំភ្លើងខុសច្បាប់ បទល្មើសចរាចរណ៍ ក្លែងបន្លំ ប្លន់ និងបទល្មើសគ្រឿងញៀន។
ICE បាននិយាយបន្ថែមថា ការបញ្ជូនចេញជនអន្តោប្រវេសន៍កម្ពុជាពីទឹកដីអាមេរិក មានកំណើន ២៧៩ភាគរយ បើគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៨។ ដោយយោងតាម ICE ដដែល នៅមានជនជាតិកម្ពុជាប្រហែល ១៩០០នាក់ទៀត នៅសហរដ្ឋអាមេរិក ដែលនឹងត្រូវគេនិរទេសចេញ ហើយក្នុងនោះមាន ១៤០០នាក់ ត្រូវបានតុលាការរកឃើញថា មានទោស។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន កាលពីពេលមុនៗ ធ្លាប់បានរិះគន់សហរដ្ឋអាមេរិកអំពីការនិរទេសនេះ ហើយបានចោទប្រកាន់ថា បានបំបែកបំបាក់គ្រួសារពួកគាត់តាមរយៈការនិរទេសដោយបង្ខំ៕