ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា ការលើកលែងពន្ធនេះ គឺធ្វើឡើងសម្រាប់ផលិតផលច្រើនជាង ១០០មុខ ដែលស្នើសុំដោយ ក្រុមហ៊ុនជាច្រើន ដែលសុទ្ធតែអះអាងថា វាជាផលិតផលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលអាមេរិក មិនបានលើកលែងពន្ធឲ្យ គ្រប់ក្រុមហ៊ុនទាំងអស់ ដែលបានស្នើសុំមុនដំណាច់ខែ មករា នោះទេ ដោយសំណើជាច្រើនទៀត ត្រូវបានបដិសេធ និងមួយចំនួនកំពុងស្ថិតក្នុងការរង់ចាំ។
គួររម្លឹកថា ទំនិញជាច្រើនប្រភេទ ត្រូវបានតម្លើងពន្ធ អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងតែក្តៅ ហើយអត្រាពន្ធលើ ផលិតផលពេទ្យ គឺ ១៥% ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹម ៧.៥% នៅថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ក្រោយពេលកិច្ចចរចាដំណាក់កាលទី ១ រវាង អាមេរិក និងចិន ត្រូវបានសម្រេច។
បើតាមអង្គការសុខភាពពិភពលោក បានបង្ហាញថា គិតត្រឹមថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០នេះ ករណីឆ្លងមេរោគកូវីដ១៩ បានរីករាលដាលលើសពី ១០០ប្រទេស និងតំបន់ហើយ ដែលមានករណីឆ្លងរហូតដល់ទៅជាង ១០៥ពាន់ករណី និងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសអ៊ីតាលី និងកូរ៉េខាងត្បូង ខណៈ អាមេរិក មានជាង ៥០០ករណី៕