ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានប្តេជ្ញានឹងបន្តកសាងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំង និងទំនើបបន្ថែមទៀត។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ស្ថានភាពភូមិសាស្ត្រនយោបាយចុងក្រោយបង្អស់នៅលើពិភពលោក គឺពោរពេញដោយភាពមិនប្រាកដប្រជា។ ដូច្នេះការលើកកម្ពស់សមត្ថភាពការពារជាតិ គឺជាតម្រូវការចម្បង និងចាំបាច់បំផុត ដើម្បីរក្សាស្ថិរភាព និងសន្តិសុខជាតិ។
លោក រីកូ រីកាដូ ស៊ីរ៉ៃ (Rico Ricardo Sirait) អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី បានអះអាងដែរថា យន្តហោះចម្បាំងគឺជាប្រព័ន្ធយោធាដ៏សំខាន់ ដែលនឹងជួយឥណ្ឌូនេស៊ីក្នុងការបិទខ្ទប់ និងពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកបានគូសបញ្ជាក់ទៀតថា ការធ្វើទំនើបកម្មឧបករណ៍ការពារជាតិ គឺជាការវិនិយោគដ៏មានតម្លៃ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ លោកបានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនចាត់ទុកការពង្រឹងវិស័យការពារជាតិត្រឹមតែជាការផ្គត់ផ្គង់ និងគាំទ្រដល់សមត្ថភាពប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាជាការវិនិយោគយុទ្ធសាស្ត្រក្នុងគោលបំណងការពារអធិបតេយ្យភាព និងកិត្តិយសជាតិទាំងមូល។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ មក ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមានទឹកប្រាក់ជាង៨ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿងពីប្រទេសបារាំង។ហើយថ្មីៗនេះ ឥណ្ឌូនេស៊ី រំពឹងថា នឹងទទួលបាននាវាផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្រ ផលិតដោយក្រុមហ៊ុនអ៊ីតាលីនៅចុងឆ្នាំនេះ៕
ដោយៈ សរ សុជាតិ