ដូចជាកាំបិតមុខពីរ ព្រោះថា ត្បិតវាអាចជួយទប់ទល់កាត់បន្ថយអតិផរណាកុំឲ្យបន្ដកើនខ្ពស់ក៏ពិតមែន ប៉ុន្ដែ វាក៏នឹងបង្កឡើងជាផលប៉ះពាល់មកលើសេដ្ឋកិច្ចអាមេរិកផងដែរ ដូចជា កំណើនយឺតសេដ្ឋកិច្ចយឺត ភាពអត់មានការងារធ្វើកើនខ្ពស់ និងសក្តានុពលនៃការរុញឲ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិជាដើម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP របស់អាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក ផៅវែល ប្រធានធនាគារកណ្ដាលអាមេរិក បានទទួលស្គាល់នូវអ្វីដែលអ្នកសេដ្ឋកិច្ចជាច្រើនបាននិយាយរយៈពេលជាច្រើនខែមកនេះថា ធនាគារកណ្ដាលអាមេរិក (Fed) មានគោលដៅធ្វើយ៉ាងណាបន្ថយកំណើននៅក្នុងសេដ្ឋកិច្ច ឲ្យនៅក្នុងកម្រិតសមល្ម ដើម្បីទប់ស្កាត់កម្រិតអតិផរណា ដោយវិធានការនេះ គឺនឹងមិនធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងពេកនោះទេ ប៉ុន្តែពេលនេះ គោលដៅនេះ មិនទំនងជាទៅរួចទាល់តែសោះ។
លោក ផៅវែល បាននិយាយថា ឱកាសនៃការបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ទំនងជានឹងថយចុះ នៅពេលធនាគារ Fed បង្កើនការចំណាយលើការខ្ចីប្រាក់ជាបន្តបន្ទាប់ ដើម្បីបន្ថយល្បឿនអតិផរណាដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។ ទោះយ៉ាងណា គ្មាននរណាម្នាក់ដឹងទេថា តើដំណើរការនេះនឹងនាំទៅរកវិបត្តិសេដ្ឋកិច្ចដែរ ឬយ៉ាងណានោះ ហើយប្រសិនបើវាដូច្នោះមែន គេក៏មិនដឹងថា តើវិបត្តិសេដ្ឋកិច្ចនោះនឹងមានក្នុងកម្រិតណានោះដែរ។
លោក ផៅវែល បាននិយាយថា នៅមុនពេលក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក នឹងពិចារណាបញ្ឈប់ការដំឡើងអត្រាការប្រាក់របស់ពួកគេនោះ ពួកគេនឹងត្រូវមើលពីការបន្ដថយចុះនៃកំណើន ការកើនឡើងបន្តិចបន្តួចនៃអត្រាគ្មានការងារធ្វើ និងភស្តុតាងច្បាស់លាស់ ដែលថាកម្រិតអតិផរណាកំពុងរំកិលចុះទៅរកគោលដៅ ២% តាមការគំណត់របស់ពួកគេ។
ការលើឡើងរបស់លោក ផៅវែល នេះ បានធ្វើឡើងក្រោយពីគណៈកម្មាធិការបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ ០,៧៥%បន្ថែមទៀត។ ហើយការដំឡើងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារនេះបាននាំឱ្យអត្រាការប្រាក់ក្នុងរយៈពេលខ្លីដ៏សំខាន់របស់ធនាគារនេះឡើងដល់ ៣% ទៅ ៣,២៥% ដែលប៉ះពាល់ដល់ប្រាក់កម្ចីរបស់អតិថិជន និងអាជីវកម្មជាច្រើន។ អត្រាការប្រាក់នេះ គឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៨។
ការធ្លាក់ចុះតម្លៃឧស្ម័នក៏បានជួយបន្ថយអតិផរណានៅអាមេរិកបន្តិចផងដែរ ប៉ុន្តែវានៅតែមានកម្រិតខ្ពស់គឺ ៨,៣% ដដែលនៅក្នុងខែសីហាបើធៀបនឹងឆ្នាំមុន។
កាលពីថ្ងៃទី ២១ខែកញ្ញា មន្ត្រីរបស់ធនាគារកណ្ដាលអាមេរិកក៏បានព្យាករពីការកើនឡើងអត្រាការប្រាក់គោលបន្ថែមទៀត នាពេលខាងមុខ ដោយវាអាចនឹងបង្កើនអត្រាគោលដល់ទៅ ៤,៤% នៅចុងឆ្នាំនេះ។ លើសពីនេះ ធនាគារកណ្ដាលអាមេរិករំពឹងថា នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំក្រោយ ដែលនាំឲ្យអត្រាការប្រាក់គោលនឹងឡើងដល់ប្រហែល ៤,៦%ដែលនឹងក្លាយជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧មក៕