ចៅក្រមអាមេរិក បានចេញសេចក្តីបង្គាប់ជាបណ្តោះអាសន្នលើករណីនេះដោយមានការស្នើសុំពី ភាគីកម្មវិធី TikTok ដែលអាមេរិក បានចោទថា ជាការគំរាមដល់សន្តិសុខសង្គមនោះ ដោយសារក្រុមហ៊ុនមេរបស់កម្មវិធីនេះ ជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន។
កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានបញ្ជាឲ្យមានការហាមឃាត់ ការទាញយកកម្មវិធី TikTok ចាប់ពីថ្ងៃទី ២៨ ខែ កញ្ញានេះតទៅ នឹងអនុញ្ញាតឲ្យធ្វើការប្រើប្រាស់ បានដល់ថ្ងៃទី ១២ ខែ វិច្ឆិកា បន្ទាប់ពីពេលនោះ ប្រតិបត្តិការទាំងអស់ទាក់ទងនឹង កម្មវិធី TikTok នឹងត្រូវបានបញ្ឈប់។
ទោះយ៉ាងណាក៏ដោយ ចៅក្រមអាមេរិកបានបដិសេធលើ សំណើរបស់ TikTok ដែលសុំពន្យារពេលលើការហាមឃាត់ នៅថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនោះ។
ដោយឡែក មេធាវីរបស់ ភាគី TikTok បានបញ្ជាក់ថា ការធ្វើដូច្នេះរបស់រដ្ឋាភិបាលអាមេរិក គឺជា ការផ្តន្ទាទោស ដល់ក្រុមហ៊ុនចិនមួយនេះ នឹងបានបិទវេទិកាសាធារណៈ ដែលកំពុងប្រើប្រាស់ដោយ ប្រជាពលរដ្ឋអាមេរិកជាង ១០លាននាក់។
ក្រុមហ៊ុនមេរបស់ កម្មវិធី TikTok ក៏បានបង្ហើបដែរថា ការហាមឃាត់នេះ គឺពុំចាំបាច់ទាល់តែសោះ ព្រោះការចរចាកំពុងតែដំណើរការ ដើម្បីផ្លាស់ប្តូរកម្មសិទ្ធិនៃការគ្រប់គ្រងកម្មវិធី TikTok ឆ្លើយតបទោនឹងកង្វល់អំពីបញ្ហាសន្តិសុខជាតិ ដែលលើកឡើងដោយ រដ្ឋបាលលោកដូណាល់ ត្រាំ។
គួររម្លឹកបន្តិចដែរថា លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រដល់ ការជជែកអំពីកិច្ចព្រមព្រៀងទិញលក់ កម្មវិធី TikTok រវាងក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok និងក្រុមហ៊ុនអាមេរិកចំនួន ៣ រួមមានក្រុមហ៊ុន Microsoft, Oracle និង Walmart ហើយលោក ដូណាល់ ត្រាំ គាំទ្រដល់ ការវិនិយោគរបស់ក្រុមហ៊ុន ByteDance នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុនអាមេរិក ជាអ្នកកាន់កាប់ចំណែកសេវាកម្មរបស់ កម្មវិធី TikTok មិនមែនក្រុមហ៊ុនចិន ជាអ្នកគ្រប់គ្រងលើសេវាកម្មនោះទេ៕