តម្លៃប្រេងនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះជិត២% ក្រោយស្ថានភាពនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីអ៊ីស្រាអែលបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្គាហ្សា។ ជាមួយគ្នានេះ តម្លៃមាសក៏បានធ្លាក់ចុះ១%ផងដែរ បន្ទាប់ពីវាបានហើម ឡើងខ្ពស់បំផុតកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ នៅដើមសប្តាហ៍នេះតម្លៃមាសធ្លាក់ចុះបន្តិចមកនៅត្រឹម២ពាន់៣រយដុល្លារក្នុងមួយអោន ខណៈដែលប្រេងឆៅនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ២,៣២% មកនៅត្រឹមជិត៨៥ដុល្លារក្នុងមួយបារ៉ែល។
លោក គិត ជូកកេស (Kit Juckes) អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Societe General បានលើកឡើងថា ស្ថានភាពបែបនេះអាចនឹងនាំឲ្យអត្រាអតិផរណា ដែលជាស្នូលនៃការសម្រេចចិត្តលើគោលនយោបាយអត្រាកាប្រាក់អាម៉េរិកមានសញ្ញាវិជ្ជមានខ្លះ។ អ្នកជំនាញរូបនេះបានបង្ហាញ សុទិដ្ឋិនិយមថា ធនាគារកណ្តាលអាម៉េរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែមិនមែននៅខែមិថុនា នោះទេ ពោលគឺអាចក្នុងរង្វង់ខែកក្កដា ខណៈដែលក្តីរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់នោះ គឺអាចនៅក្នុងរង្វង់៤,២%ទៅ៤,៧៧%។
ក្រៅពីអាម៉េរិក ធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរ៕
ដោយៈ សរ សុជាតិ