ក្រុមមន្ត្រីជាន់ខ្ពស់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានលើកឡើងថា ផ្អែកតាមល្បឿននៃការថមថយកម្រិតអតិផរណារបស់សហរដ្ឋអាម៉េរិកជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ វាទំនងជានឹងសមស្របសម្រាប់ធនាគារកណ្តាលសហព័ន្ធរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខរបស់ពិភពលោកមួយនេះ អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅរដូវក្តៅខាងមុខ។ ប៉ុន្តែទោះបីជាយ៉ាងណា ការសម្រេចណាមួយនៅតែស្ថិតក្នុងក្តីរំពឹងនៅឡើយ ស្របពេលដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំលទ្ធផលនេះយ៉ាងអន្ទះសារជាយូរមកហើយ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ អ្នកសម្រេចចិត្តលើបញ្ហាកាត់បន្ថយអត្រាការប្រាក់របស់អាម៉េរិក នៅតែមានមន្ទិលសង្ស័យ ហើយបានបន្តដាក់ការតាមដាននៅលើដំណើរការគ្រប់គ្រង និងពង្រឹងការតាមដាននៅលើស្ថានភាពនៃអត្រាអតិផរណាបន្តថែមទៀត ដោយតាមគោលដៅកំណត់ និរន្តរភាពនៃអត្រាអតិផរណាមិនឱ្យខ្ពស់ជាង២%។
លោក រ៉ាហ្វាអែល ប៊ូស្ទិច (Raphael Bostic) ប្រធានធនាគារកណ្តាលប្រចាំទីក្រុងអាត្លង់តា បានប្រាប់អ្នកសារព័ត៌មានថា កាលពីមួយឆ្នាំមុន លោកបានរំពឹងទុកថា ការកាត់បន្ថយអត្រាការប្រាក់ដំបូងនឹងដាក់ចុះនៅចុងឆ្នាំ២០២៤ នេះ។ លោក ប៊ូស្ទិច ដែលជាសមាជិកនៃគណកម្មការសម្រេចចិត្តលើបញ្ហាអត្រាការប្រាក់ម្នាក់ក្នុងចំណោម១២នាក់ បានបន្ថែមថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺការចម្រេចចិត្តបញ្ចុះអត្រាការប្រាក់អាចនឹងលឿនជាងការព្យាករពីមុនរបស់លោក ដោយទំនងជានៅរដូវក្តៅខាងមុខ។
ការិយាល័យពាណិជ្ជកម្មរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពលរដ្ឋអាម៉េរិក អាចសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ២,៤% នៅក្នុងខែមករា ពោលគឺធ្លាក់ចុះ០,២% បើធៀបនឹងខែធ្នូ ប៉ុន្តែអ្វីដែលជាស្នូលនៃអត្រាអតិផរណាដូចជាតម្លៃស្បៀងអាហារ និងថាមពលបានកើនឡើង០,៤%ទៅវិញ។
ដោយៈ សរ សុជាតិ