អាជីវកម្មរបស់ក្រុមហ៊ុន Apple គឺស្ថិតក្រោមការគំរាមកំហែងនូវខ្សែចង្វាក់ផ្គត់ផ្គង់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩នៅចិន ដោយអ្នកជំនាញបានព្រមានថា វានឹងមានហានិភ័យនៃការអាក់ខានផលិត iPhone រយៈពេលជាច្រើនខែ។
ក្រុមហ៊ុន Apple បានទទួលរងភាពយឺតយ៉ាវរួចមកហើយនៅក្នុងការផលិត iPhone របស់រោងចក្រក្រុមហ៊ុន Foxconn ក្នុងក្រុងចីងចូវ ដោយសារការផ្ទុះកូវីដ១៩ កាលពីខែតុលា និងការដាក់ចេញគោលនយោបាយសូន្យកូវីដ។
យ៉ាងណាមិញ នៅក្នុងខែធ្នូនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលគោលនយោបាយសូន្យកូវីដវិញនោះ គឺវាបែរជាធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្ម នៅរោងចក្រដំឡើង និងគ្រឿងបង្គុំ នៅទូទាំងប្រទេសនេះទៅវិញ ដោយសារតែករណីឆ្លងកូវីដកើនឡើង។
អ្នកជំនាញម្នាក់លោក Bindiya Vakil ប្រធានក្រុមហ៊ុន Resilinc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា ករណីឆ្លងរាលដាលខ្លាំងកូវីដ១៩ មិនត្រឹមតែប៉ះពាល់ដល់កម្មកររោងចក្រនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ឃ្លាំងស្តុក ការចែកចាយ ភស្ដុភារកម្ម និងដឹកជញ្ជូនផងដែរ។
បើតាមក្រុមអ្នកវិភាគបានលើកឡើងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ក្រោម ១២៤ពាន់លានដុល្លារ ដែលខ្លួនសម្រេចបានកាលពីមុន។ លើសពីនេះ ហានិភ័យប្រាក់ចំណូលរបស់ Apple សម្រាប់ឆ្នាំ២០២៣ ក៏នឹងកើនឡើងផងដែរ ដោយសារតែប្រជាជនចិននឹងប្រឈមនឹងការស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន។ ជាក់ស្តែង ហាង Apple មួយកន្លែងនៅទីប្រជុំជនក្រុងប៉េកាំង បានកាត់បន្ថយម៉ោងបើក ដោយសារបុគ្គលិកធ្លាក់ខ្លួនឈឺ។
មិនខុសគ្នាពី Apple នោះទេ ក្រុមហ៊ុនរថយន្តអាមេរិក Tesla ក៏បានផ្អាកផលិតកម្មរបស់ខ្លួនផងដែរនៅរោងចក្រក្នុងក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៤ ខែធ្នូ។
ការផ្អាកនេះធ្វើឡើងដោយសាររលកឆ្លងកូវីដ១៩កើនឡើង បន្ទាប់ពីចិនបានបន្ថូរគោលនយោបាយសូន្យកូវីដ ដែលទទួលបានការស្វាគមន៍ពីក្រុមហ៊ុនអាជីវកម្ម និងសាធារណជន ប៉ុន្តែបែរជាធ្វើឱ្យរលកឆ្លងកើនឡើងវិញ។កម្មករនៅក្រុមហ៊ុន Tesla និងនៅក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន បានធ្លាក់ខ្លួនឈឺដោយសាររលកកូវីដនេះ ធ្វើឱ្យការប្រតិបត្តិការត្រូវរាំងស្ទះកាលពីសប្តាហ៍មុន។ យោងតាមការចុះផ្សាយរបស់ Reuter ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុន Tesla គ្រោងផ្អាកផលិតកម្មរថយន្ត Model Y នៅរោងចក្រក្រុងសៀងហៃនេះ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ដល់ ថ្ងៃទី១ ខែមករា។
សូមជម្រាបថា រោងចក្រនៅក្រុងសៀងហៃនេះ គឺផ្តោតការផលិតរថយន្តសម្រាប់នាំចេញ។ ការផ្អាកដំឡើងរថយន្ត Model Y ដែលជាម៉ូឌែលលក់ដាច់បំផុតនៅរោងចក្រនេះ នឹងក្លាយជាផ្នែកមួយនៃការកាត់បន្ថយផែនការផលិតរបស់ខ្លួនរហូតដល់ ៣០% នៅក្នុងខែធ្នូនេះ៕