តាមសេតវិមានអាមេរិកបានឲ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាង៤លានដូសបន្ថែមទៀតទៅឲ្យប្រទេសវៀតណាម ដែលធ្វើឲ្យការបរិច្ចាគវ៉ាក់សាំងកូវីដ១៩សរុបអាមេរិកកើនដល់ជិត២៧០លានដូសហើយ ដែលបានចែកចាយទៅដល់ប្រទេសប្រមាណ ១១០ប្រទេស។
គិតមកទល់ពេលនេះ បើបូកបញ្ចូលចំនួនវ៉ាក់សាំង៤លានដូសបន្ថែម ដែលអាមេរិកនឹងផ្ដល់ជូនវៀតណាម ឃើញថា វៀតណាមនឹងទទួលបានវ៉ាក់សាំងសរុបពីអាមេរិកកើនដល់ ជិត១៧លាន៦សែនដូសហើយ។
គេសង្កេតឃើញថា លោក ចូបៃឌិន ប្រធានាធិបតីអាមេរិក បានដាក់ចិត្តដាក់កាយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ខ្លាំងមែនទែន នៅក្នុងកាតព្វកិច្ចចម្បងរបស់លោកក្នុងនាមជាប្រធានាធិបតី រាប់ចាប់តាំងពីលោកបានចូលកាន់តំណែងដំបូងកាលពីខែមករាមកម្ល៉េះ ហើយអាមេរិកក៏ជាប្រទេសដែលបានបរិច្ចាគវ៉ាក់សាំងច្រើនជាងគេជូនដល់ប្រទេសក្រីក្រផងដែរ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នវៀតណាម បានចាក់វ៉ាក់សាំងជូនដល់ពឡរដ្ឋជាង១០០លានដូសហើយ ក្នុងនោះ អ្នកចាក់បានគ្រប់ចំនួនដូស មានចំនួន៤២លាននាក់ ឬស្មើនឹងជាង៤៣%នៃពលរដ្ឋសរុប។ ប្រទេសវៀតណាម មានប្រជាជនសរុបប្រហែល៩៦លាននាក់ ហើយគិតមកទល់ពេលនេះ មានជាង១លាននាក់ បានឆ្លងកូវីដ១៩ និងមានជាង២ម៉ឺន៤ពាន់នាក់ បានស្លាប់បាត់បង់ជីវិត។ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅវៀតណាមមានប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕