រដ្ឋបាលអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិកបានប្រកាសនៅដើមសប្តាហ៍នេះថា៖ ទោះបីបច្ចុប្បន្ន វិស័យអាកាសចរណ៍ហាក់វិលប្រឡប់មករកដំណើរការល្អឡើងវិញបន្តិចម្តងៗក៏ពិតមែន ប៉ុន្តែអាកាសយាន្តដ្ឋានជាច្រើននៅទទួលបានជើងហោះហើរតិចតួចនៅឡើយ ខណៈដែលពួកគេភាគច្រើនត្រូវរាប់រងដោះស្រាយបំណុលចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។
បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិកដដែលនេះ ជំនួយឥតសំណងទាំងជាង ៨ពាន់លានដុល្លារ ត្រូវបានគេបូកបញ្ចូលក្នុងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋបាលលោកចូ បៃឌិន ដែលបានអនុម័តតាំងពីខែមីនាកន្លងមក។ ថវិកាទាំងនេះ ត្រូវបានគេរំពឹងថា នឹងចូលខ្លូនមកជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អាកាសយាន្តដ្ឋាននានានៅសហរដ្ឋអាមេរិក រហូតដល់ការធ្វើដំណើរវិលត្រឡប់មករកសភាពដើមវិញ។
អាកាសយានដ្ឋានទាំងអស់នៅអាមេរិកអាចប្រើប្រាស់ថវិកាជំនួយនេះ សម្រាប់ចំណាយលើថ្លៃធ្វើប្រតិបត្តិការនានា សងបំណុល បើកប្រាក់ខែដល់បុគ្គលិក និង ជាពិសេសពួកគេអាចប្រើសម្រាប់ការបំពាក់បរិក្ខារពេទ្យបន្ថែមនៅក្នុងបរិវេណព្រលានយន្តហោះ និងបង្កើនការសម្អាតជាប្រចាំដើម្បីធានាបានសុវត្ថិភាពពីកូវីដ-១៩ ពេលបើកទទួលជើងហោះហើរឡើងវិញ។
យ៉ាងណាមិញ ដើម្បីទទួលបានថវិកាជំនួយពីរដ្ឋបាលក្រុងវ៉ាស៊ិនតោន អាកាសយាន្តដ្ឋានទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌ ដោយតម្រូវឲ្យរក្សាយ៉ាងហោចណាស់ ៩០%នៃបុគ្គលិករបស់ពួកគេ ឲ្យបាននៅបម្រើការងារដដែល។
សូមបញ្ជាក់ថា ទឹកប្រាក់ជំនួយនឹងត្រូវបែងចែកទៅតាមកម្រិត ដែលអាកាសយាន្តដ្ឋាននីមួយៗបានរងផលប៉ះពាល់ ដោយធ្វើការប្រៀបធៀបចំនួនជើងហោះហើរដែលមានក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ ២០២០ និង ទំហំទឹកប្រាក់ដែលបានខាតបង់។
បើគិតទាំង៣លើកនេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាជំនួយជាង ២០ពាន់លានដុល្លាររួចហើយដល់អាកាសយាន្តដ្ឋានរងផលប៉ះពាល់ដោយសារកូវីដ១៩ កាលលើកទី១ក្នុងខែធ្នូឆ្នាំ២០២០ ប្រមាណ ២ពាន់លានដុល្លារ លើកទី២នៅដើមខែមីនា ឆ្នាំ ២០២១ ប្រមាណ ១០ពាន់លានដុល្លារ និង លើកទី៣ ពេលនេះ ៨ពាន់លានដុល្លារទៀត៕