យ៉ាងណាមិញ យោធាចិនបាននិយាយនៅថ្ងៃពុធទី១១ខែឧសភាថា ខ្លួនបានព្រមាននាវាចម្បាំងអាមេរិក ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឲ្យបើកចេញពីដែនទឹកនេះជាបន្ទាន់។ អាមេរិកបើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ គឺធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយពេលដែលចិនបានធ្វើសមយុទ្ធយោធាមួយនៅក្បែរនឹងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតឈ្មោះ USS Port Royal ធ្វើដំណើរដូចទម្លាប់របស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងឆ្លងកាត់ដែនទឹកអន្តរជាតិស្របតាមច្បាប់អន្តរជាតិ។ នេះគឺជាការធ្វើដំណើរឆ្លងកាត់ លើកទី២ហើយសម្រាប់ខែនេះ ខណៈដែលទីក្រុងប៉េកាំងតែងប្រតិកម្មមិនដែលដាច់នោះទេ។
សម្រាប់លើកនេះ កងទ័ពរំដោះប្រជាជនចិនបានប្រតិកម្មនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានតាមដានសកម្មភាពនាវាអាមេរិកយ៉ាងយកចិត្តទុកដាក់ និងបានធ្វើការព្រមានទៅកាន់នាវាខាងលើផងដែរ។ ភាគីចិន បានហៅសកម្មភាពរបស់ អាមេរិកថា ជារឿងល្ខោន សម្តែងដើម្បីបង្កបញ្ហា និងចេតនាបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាពសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិក អាចហោះហើរ និងធ្វើនាវាចរ ក៏ដូចជាធ្វើប្រតិបត្តិការ គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួរកត់សម្គាល់ថា ភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ តែងកើតមានឡើងជាហូរហែ មិនដែលដាច់នោះទេ ។ ប៉ុន្តែពេលនេះ ស្ថានការណ៍ហាក់បីដូចជាតឹងតែង ជាងមុនបន្តិច ក៏ដោយសារតែ ប្រមុខចារកម្មអាមេរិក បានថ្លែងព្រមានទៅកាន់ព្រឹទ្ធសភាអាមេរិកថា ពេលនេះចិនកំពុង សំងំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបង្កើនសមត្ថភាពយោធា ដើម្បីធានាថា អាចវាយយកបានកោះតៃវ៉ាន់ ទោះបីជាមានអាមេរិកចាំជួយ អន្តរាគមន៍គាំទ្រក៏ដោយ។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី អាវរីល ហ៊េន(Avril Haines) បានព្រមានថា ការគំរាមកំហែងរបស់ចិនលើកោះតៃវ៉ាន់នឹងអាចកើតមាននៅចន្លោះពេលនេះដល់ឆ្នាំ ២០៣០ ហើយស្ថានភាពរបស់វានឹងធ្ងន់ធ្ងរខ្លាំងតែម្តង។
យ៉ាងណាក៏ដោយ ប្រមុខចារកម្មអាមេរិកបានអះអាងថា គេមិនដឹងច្បាស់ឡើយថា តើចិនមើលគំរូសង្គ្រាមនៅអ៊ុយក្រែន និងមើលឃើញពីការជួយជ្រោមជ្រែងអ៊ុយក្រែនពីលោកខាងលិច បានកម្រិតណានោះទេ។ គេគ្រាន់តែដឹងថា ចិនព្យាយាមធ្វើឲ្យខ្លួនខ្លាំង ខ្លាំងទាល់តែអាចវាយតៃវ៉ាន់បានជោគជ័យ ទោះបីមានជំនួយពីអាមេរិក។ ទោះយ៉ាងណា សម្រាប់ អាមេរិកចិនគួរតែទទួលបានមេរៀនច្រើនហើយ ពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន។
ប៉ុន្តែសម្រាប់តៃវ៉ាន់ កោះមួយនេះកំពុងទទួលបានមេរៀនសំខាន់មួយចំនួនពីជម្លោះអ៊ុយក្រែនដែលអាចធ្វើឱ្យខ្លួនការពារប្រឆាំងនឹងចិនបានកាន់តែប្រសើរ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា រដ្ឋបាលលោកចូ បៃឌិន កំពុងជំរុញក្រុងតៃប៉ិ ឱ្យកម្មង់ទិញអាវុធដែលផលិតដោយអាមេរិកបន្ថែមទៀត ដូចជាមីស៊ីល និងអាវុធធន់តូចៗបន្ថែម ដែលគេជឿថាអាចការពារតៃវ៉ាន់ ប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងប៉េកាំង។ ប៉ុន្ដែ ថ្មីៗនេះ ខាងភាគីកោះតៃវ៉ាន់ ក៏បានសម្តែងការអន់ចិត្តចំពោះ ការដឹកជញ្ជូនអាវុធពីអាមេរិកមកឲ្យខ្លួនយឺតយ៉ាវផងដែរ ហើយតៃវ៉ាន់ចាត់ទុកថា ការបញ្ជូនអាវុធមកឲ្យខ្លួនយឺតនេះ វាធ្វើឲ្យកោះមួយនេះ ប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ហើយតៃវ៉ាន់ក៏កំពុងស្វែងរកទីផ្សារផ្គត់ផ្គង់អាវុធបន្ថែមផងដែរ៕