នៅសហរដ្ឋអាមេរិក មានការអំពាវនាវកាន់តែច្រើនឡើងសុំឱ្យហាមឃាត់ប្រើកម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុន ByteDance នៅប្រទេសចិន ឬក៏សុំឱ្យអនុម័តច្បាប់ទ្វេភាគី ដើម្បីផ្តល់សិទ្ធិអំណាចផ្លូវច្បាប់ដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីស្វែងរកការហាមប្រើកម្មវិធីកម្មវិធីមួយនេះនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលកន្លងមក ឧបករណ៍គ្រប់គ្រងដោយរដ្ឋាភិបាលអាមេរិកមួយចំនួន ត្រូវបានហាមឃាត់មិនឱ្យដំឡើងកម្មវិធីអេបនេះរួចហើយ។ លោក McCarthy ប្រធានសភាអាមេរិកបាននិយាយតាម Twitter ថា សភានឹងបន្តទៅមុខជាមួយច្បាប់ ដើម្បីការពារពលរដ្ឋអាមេរិកពីដៃជើងបច្ចេកវិជ្ជារបស់បក្សកុម្មុយនិស្តចិន។
នាយកប្រតិបត្តិកម្មវិធី TikTok លោក ស៊ូ ហ្ស៊ី ឆូ (Shou Zi Chew) បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាអាមេរិកប្រហែល ៥ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ហើយសមាជិកសភាមកពីភាគីទាំង២បានសួរលោក ឆូ យ៉ាងច្រើនអំពីសន្តិសុខជាតិ និងកង្វល់ផ្សេងទៀតពាក់ព័ន្ធនឹងកម្មវិធីនេះ ដែលមានអ្នកប្រើប្រាស់នៅអាមេរិកចំនួន ១៥០ លាននាក់។
នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍នោះ នាយកប្រតិបត្តិកម្មវិធី TikTok រូបនេះត្រូវបានសមាជិកសភាអាមេរិកចោទសួរថា តើកម្មវិធីនេះបានស៊ើបការណ៍ទៅលើពលរដ្ឋអាមេរិកតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរឬទេ? លោក Chew បានឆ្លើយច្បាស់ៗថា «អត់ទេ»។
លោក McCarthy បាននិយាយតាមប្រព័ន្ធ Twitter កាលពីថ្ងៃអាទិត្យថា វាគួរឱ្យព្រួយបារម្ភណាស់ដែលនាយកប្រតិបត្តិនៃកម្មវិធី TikTok មិនអាចនិយាយដោយស្មោះត្រង់ និងសារភាពពីអ្វីដែលអាមេរិកបានដឹងរួចទៅហើយថា ការពិតគឺប្រទេសចិនមានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី TikTok។
ទោះយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ខ្លួនបានចំណាយច្រើនជាង ១,៥ ពាន់លានដុល្លារទៅលើកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពទិន្នន័យក្រោមឈ្មោះគម្រោង«Project Texas» ដែលបច្ចុប្បន្នមានបុគ្គលិកពេញម៉ោងជិត ១ ៥០០ នាក់ ហើយត្រូវបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Oracle Corp ដើម្បីរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក។
សូមរំឭកថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានចាញ់ការសម្រេចរបស់តុលាការជាបន្តបន្ទាប់នៅឆ្នាំ២០២០ នៅពេលលោកបានព្យាយាមហាមឃាត់កម្មវិធី TikTok និងកម្មវិធី WeChat របស់ចិនមួយផ្សេងទៀតដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Tencent ។