សារព័ត៌មានបស្ចិមប្រទេសធំៗបានរាយការណ៍ថា នៅក្នុងអំឡុងពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក អេនតូនី ប្លីនឃេន (Antony Blinken) ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ សម្ពាធផ្នែកហិរញ្ញវត្ថុ និងការរារាំងពាណិជ្ជកម្មចិន-រុស្ស៊ី អាចជារបៀបវារៈការទូតមួយ ដែលនឹងត្រូវលើកយកមកជជែកជាមួយភាគីចិន។
លោក ប្លីនឃេន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានរិះគន់ការគាំទ្ររបស់ចិនសម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដោយនិយាយថា ទីក្រុងប៉េកាំង គឺជាអ្នករួមចំណែកចម្បងក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្តល់គ្រឿងបន្លាស់សំខាន់ៗសម្រាប់សព្វាវុធ។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអាម៉េរិកកំពុងបង្កើនសម្ពាធលើប្រទេសចិន ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុចិនណា ដែលសម្របសម្រួលពាណិជ្ជកម្មលើទំនិញដែលមានទាំងការប្រើប្រាស់ស៊ីវិល និងយោធា។
ធនាគារប្រជាជនចិន និងរដ្ឋបាលនិយ័តកម្មហិរញ្ញវត្ថុជាតិ ដែលជានិយ័តករធនាគារកំពូលរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលអាម៉េរិកដាក់សម្ពាធនោះទេ។ប្រទេសចិន និងរុស្ស៊ីបានជំរុញការដោះដូរពាណិជ្ជកម្មជាប្រាក់យន់ ជំនួសឱ្យប្រាក់ដុល្លារ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលអាចការពារសេដ្ឋកិច្ចរបស់ពួកគេពីការកើនឡើងនៃទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក៕